ព្រឹត្តិការណ៍កីឡាវាយកូនគោល Metfone Golf Championship ២០១៧ ដែលមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមចំនួន៩០នាក់ ខណៈកីឡាករវាយកូនគោលជម្រើសជាតិកម្ពុជា ពៅ ពេជ្រមេត្តា បានឈ្នះជើងឯកនៃព្រឹត្តិការណ៍នេះ បន្ទាប់ពីការប្រកួតធ្វើអស់រយៈពេល១ថ្ងៃពេញ កាលពីថ្ងៃអាទិត្យ ម្សិលមិញ នៅទីលាន CITY GOLF ។
បន្ទាប់ពីដំណើរការប្រកួតអស់មួយថ្ងៃពេញ កីឡាករ ពៅ ពេជ្រមេត្តា ជាកីឡាករជម្រើសជាតិកម្ពុជាបានក្លាយជាជើងឯកក្រោយពីធ្វើបានដល់ទៅពិន្ទុ -5 under ក្នុងពានរង្វាន់ Flight A លេខ២ បានទៅកីឡាករ អ៊ឹម រាហុល និងលេខ៣ បានទៅកីឡាករ កែម សម្រេច ធ្វើបានពិន្ទុ -4។ ចំណែកឯនៅពានរង្វាន់ Flight B ជើងឯកបានទៅលោក ឈុន សំអាន, លេខ ២ បានទៅឯកឧត្តម ម៉ែន រ៉ា និងលេខ ៣ បានទៅឯកឧត្តម ផន ណារ៉ា។
កីឡាករជម្រើសជាតិ ពៅ ពេជ្រមេត្តា ដែលឈ្នះជើងឯក Metfone Golf Championship 2017 បានសម្តែងនូវភាពរីករាយជាខ្លាំង ដែលខ្លួនបានឈ្នះជើងឯក ហើយអ្វីដែលកីឡាកររូបនេះខំប្រឹងនាពេលកន្លងមកនេះ ឥឡូវនេះទទួលលទ្ធផលល្អ ហើយនឹងខំប្រឹងបន្តទៀត ដើម្បីរកមេដាយជូនជាតិ នាពេលខាងមុខ។
លោក ង្វៀន ថាញ់ញឿង អគ្គនាយកក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត Metfone មានប្រសាសន៍ថា ការបង្កើតព្រឹត្តិការណ៍ METFONE GOLF CHAMPIONSHIP 2017 ជាលើកទី១នេះ ធ្វើឡើងក្នុងគោលចម្បងដើម្បី រូមចំណែកលើកស្ទួយវិស័យកីឡាវាយកូនគោលនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសគឺបានផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីប្រកួតស្វែងរកអ្នកដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ ប្រចាំឆ្នាំ ដើម្បីសម្រិត សម្រាំងរកឲ្យបាននូវធនធានសម្រាប់ជាតិ នាថ្ងៃអនាគត ហើយការប្រកួតនេះក៏បានផ្តល់ឱកាសដល់អ្នកចូលរួម នានាបានលេងដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធជាមួយគ្នាផងដែរ។ អគ្គនាយក ក្រុមហ៊ុន METFONE រូបនេះបន្ថែមទៀតថា បន្ទាប់ពីព្រឹត្តិការណ៍ទី១នេះទទួលបានជោគជ័យ ខ្លួនមានគម្រោងរៀបចំជាលើកទី២ទៀត នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨៕