លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋខ្មែររត់ក្នុងវិញ្ញាសា ១០គីឡូម៉ែត្រមានការកើនឡើងច្រើន ដោយបង្ហាញថាពួកគាត់មានសុខភាពល្អច្រើន និងយល់ពីតម្លៃនៃការលេងកីឡាហើយតាមរយៈព្រឹត្តិការណ៍នេះជាផ្នែកមួយជួយដល់សង្គមជាតិផងដែរ។ លោកលើកឡើងបែបនេះក្រោយបញ្ចប់ ទិវារត់ប្រណាំងពាក់កណ្តាលម៉ាតុងភ្នំពេញអន្តរជាតិលើកទី៧ ប្រចាំឆ្នាំ ២០១៧ កាលថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ នៅមុខព្រះបរមរាជវាំង។
អគ្គលេខាធិការ NOCC រូបនេះបន្ថែមឲ្យដឹងទៀតថា ចំនួនអ្នករត់ពាក់ណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិឆ្នាំនេះ ទទួលបានជោយជ័យជាងឆ្នាំមុនៗ ទទួលបានសិទ្ធផល, កម្រិតបច្ចេកទេស និងចំនួនអ្នកចូលរួមកើន ឡើង ដោយចំនួនអ្នកចូលរួមសរុប ៥,៣៥២នាក់ ក្នុងនោះមានជនជាតិខ្មែរ ចំនួន ៤,៨២៩នាក់ និងជនបរទេសចំនួន ៥២៣នាក់ មកពី ៣៣ប្រទេសលើពិភពលោក ដែលចំនួននេះកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៦ ។ ចំពោះអ្នករៀបចំខាងបច្ចេកទេសក៏ធ្វើបានល្អច្រើន ដែលផ្តល់ភាពងាយស្រួលដល់អ្នករត់ និងការសម្រួលចរាចរណ៍បិទផ្លូវបានល្អ ដោយនេះកត្តាមួយដែលអាចទាក់ទាញអ្នករត់ចូលរួមក្នុងស្រុកក្រៅស្រុកកាន់តែច្រើនផងដែរ។
អគ្គលេខាធិការរូបនេះ បានបញ្ជាក់បន្ថែមទៀថា គោលបំណងសំខាន់នៃទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញលើកទី៧ ប្រចាំឆ្នាំ ២០១៧នេះ គឺរត់ដើម្បីអបអរសារទរទិវាបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសគម្រប់ព្រះជន្ម ៨១ព្រះវស្សា យាងនចូល ៨២ព្រះវស្សា និងដើម្បីចូលរួមផ្សព្វផ្សាយពី បរិស្ថានស្អាត ទីក្រុងស្អាត និងបៃតង ព្រមទាំងស្វែងរកមូលនិធិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
ចំពោះលទ្ធផលរបស់គណៈកម្មការបច្ចេកទេស បានឲ្យដឹងថា វិញ្ញាសារត់់២១គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករកម្ពុជា គូនីអាគិ តាគីហ្សាគី (Kuniaki Takizaki), រត់២១គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ១ កីឡាការិនី Messina Verinique មកពីប្រទេសបារាំង។ វិញ្ញាសារត់១០គីឡូម៉ែត្រនារីលេខ១ កីឡាការិនីមកពីសហរដ្ឋអាមេរិក Shaina Corbin, ១០គីឡូម៉ែត្របុរស ចំណាត់ ថ្នាក់លេខ១ កីឡាករ វ៉ាន់ ភារ៉ា។ ចំណែកឯរត់៣គីឡូម៉ែត្រជាលក្ខណៈកម្សាន្តនារី លេខ១ កីឡាការិនី បែន សីហា ខណៈផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ បុង ហុង។ ក្រៅពីនេះក៏មានជ័យលាភីចំណាត់ថ្នាក់លេខ២ និងលេខ៣ លើគ្រប់វិញ្ញាសាទាំងអស់ផងដែរ៕