យោងទៅតាមរបាយការណ៏មួយបានអោយដឹងថាខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេស Raheem Sterling របស់ក្រុមមេឃខៀវ Manchester City បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្រុមតោខៀវ Chelsea ហើយ។

ជាការពិតណាស់កីឡាករវ័យ 27 ឆ្នាំរូបនេះនៅសល់កុងត្រាមួយឆ្នាំទៀតតែប៉ុណ្ណោះនៅ Man City ដូច្នេះហើយក៏បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗក្នុង និង នៅក្រៅប្រទេស។

ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ Sterling ដែលជាប់ជម្រើសជាតិអង់គ្លេសចំនួន 77 ប្រកួតនឹងក្លាយជាកីឡាករដ៏សំខាន់ដំបូងគេរបស់ Chelsea ចាប់តាំងពីពួកគេត្រូវបានកាន់កាប់ដោយសម្ព័ន្ធដែលដឹកនាំដោយលោក Todd Boehly នៅរដូវក្តៅនេះ។

ជាមួយគ្នានេះដែរគេរំពឹងថាកិច្ចព្រមព្រៀងនេះនឹងត្រូវធ្វើឡើងទាន់ពេលវេលាសម្រាប់ Sterling ដើម្បីភ្ជាប់ទំនាក់ទំនងការផ្ទេរជាមួយក្រុម Chelsea មុនពេលពួកគេចាកចេញសម្រាប់ដំណើរទេសចរណ៍មុនរដូវកាលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។


ហើយរូបគាត់ក៏មានការទាក់ទងចង់បានពីក្លឹបធំៗផ្សេងទៀត រួមទាំង Barcelona, Real Madrid និង Bayern Munich ក៏ចាប់អារម្មណ៍លើ Sterling ដែរ ប៉ុន្តែកីឡាកររូបនេះទំនងជាពេញចិត្តនឹងក្លឹប Chelsea ជាង។

គួបន្ថែមទៀតដែរថា City បានចុះហត្ថលេខាលើ Sterling ពី Liverpool ក្នុងតម្លៃ 49 លានផោននៅឆ្នាំ 2015 ហើយគាត់បានស៊ុតបញ្ចូលទី 131 គ្រាប់ក្នុងការបង្ហាញខ្លួនសរុប 339 ប្រកួត។

ប្រភព ៖ BBC