សហព័ន្ធកីឡាចំបាប់កម្ពុជា បានរៀបចំប្រកួតធ្វើតេស្តិ៍ កម្រិតបច្ចេកទេស សមត្ថភាពកីឡាករកីឡាការិនីថ្នាល ចំនួន១៥នាក់ បន្ទាប់ពីពួកគេប្រមូលផ្តុំហ្វឹកហាត់រយៈពេលជាងមួយឆ្នាំ នៅសាលចំបាប់ ដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ ។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធចំបាប់កម្ពុជា បានឲ្យដឹងថា កីឡាករ កីឡាការិនី ដែលកំពុងធ្វើតេស្តិ៍នាពេលនេះ គឺទទួលបានបង្វឹកពីលោក ដន សៅ និងលោកគ្រូបង្វឹកសញ្ជាតិអាមេរិក អស់រយៈពេល ១ឆ្នាំជាងមកហើយ ដើម្បីជម្រើសរើសថ្នាលល្អៗ ក៏ជាចង់ដឹងកម្រិត បច្ចេកទេសសមត្ថភាពរបស់ពួកគេកន្លង​មកនេះ ទើបសហ័ពន្ធសម្រេចធ្វើតេស្តិ៍ពួករៀងរាល់ ២សប្តាហ៍ម្តងដូចនេះ។

អគ្គលេខាធិការរូបនេះ សង្កេតឃើញថា កីឡករ កីឡាការិនីថ្នាលចំបាប់នេះ ពួកមានការរីកចម្រើនគួរឲ្យកត់សម្គល ផ្នែកបច្ចេកទេស និងស្នៀតចូលរបស់ពួក ប៉ុន្តែនៅខ្វះផ្នែកកម្លាំង មិនសូវរឹងមាំនៅឡើយទេ។ ប្រសិនបើពួកគេខិតខំប្រឹងប្រែងហ្វឹកហាត់ផ្នែកកម្លាំងកាយបន្ថែមទៀត នោះលោកជឿជាក់ថា នឹងក្លាយជាកីឡាករ កីឡាការិនីចំបាប់មានសមត្ថភាពពេញលេញនាថ្ងៃអនាគត ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។

លោកបន្ថែមទៀតថា​ ចំពោះកីឡករ កីឡាការិនីជម្រើសរើស កំពុងបង្កើនការហ្វឹតហាត់ខ្លាំងណាស់ដែរ ដោយ ១ថ្ងៃ ហាត់ ២ពេល គឺពេលព្រឹក និងពេលល្ងាច​ ផ្នែកកម្លាំងកាយ និងបច្ចេកទេស ដើម្បីត្រៀមចូលរួមការប្រកួតជើងឯកអាស៊ីនៅប្រទេសឥណ្ឌា គ្រោងនឹងចាំផ្តើមនៅថ្ងៃទី០៧ ខែវិច្ចិកា ខាងមុខ ។ ទន្ទឹមនឹងថ្ងៃដដែរនេះ លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក៏ត្រូវចូលរួមសន្និបាត បោះឆ្នោតជម្រើសរើសប្រធានសហព័ន្ធអស៊ី អាគ្នេយ៍ផងដែរ។

គួររំលឹកផងដែរថា អត្តពលិកកីឡាចំបាប់កម្ពុជា ទើបតែដណ្តើមបានមេដាយ ៥គ្រឿង ប្រាក់១ សំរិទ្ធ៤ ពីព្រឹត្តការណ៍ជើងឯកអាស៊ី អាគ្នេយ៍ កាលពីពេលថ្មីៗ កន្លងទៅ នៅប្រទេសថៃ៕