នៅក្នុងវិស័យកីឡាបាល់ទាត់ជាតិ គ្រួសារត្រកូលប្រាក់ជាគ្រួសារដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយ ពិសេសកីឡាករឆ្នើម ប្រាក់ មុន្នីឧត្ដម និងគ្រូបង្វឹកកម្រិត Pro-License ប្រាក់ សុវណ្ណារ៉ា។ ក្រៅពីនេះនៅមានលោកគ្រូ ប្រាក់ វុទ្ធី, ប្រាក់ សុមុន្នី, លោក ងួន ច័ន្ទសុធា ជាកូនបង្កើតនិងកីឡាករ សាយ ពិសិដ្ឋ ជាកូនប្រសាអ្នកស្រី ប្រាក់ សម្ផស្ស ព្រមទាំង កីឡាករ ប្រាក់ មុន្នីភីរុណ ប្អូនបង្កើតរបស់ មុន្នីឧត្ដម ជាដើម។

ឥឡូវនេះ គ្រួសារត្រកូលប្រាក់បានផ្ដួចផ្ដើមគំនិតបើកថ្នាលបណ្ដុះបណ្ដាលយុវជនឈ្មោះថា Prak Football Academy ដើម្បីរួមចំណែកក្នុងការបង្កើនធនធាននិងគុណភាពបាល់ទាត់កម្ពុជានាពេលអនាគត។

ក្នុងជំហានដំបូង Prak Football Academy បើកបង្ហាត់បាល់ទាត់ដល់ក្មេងៗរៀងរាល់ថ្ងៃអាទិត្យ ពីម៉ោង៨ដល់១០ព្រឹក នៅទីលានបាល់ទាត់ Village Football Pitch តាមបណ្ដោយផ្លូវ៦០ម៉ែត្រ។ អ្នកចូលហ្វឹកហាត់គ្រាន់តែរួមចំណែកបន្តិចបន្តួចក្នុងការជួយចេញថ្លៃជួលទីលាននិងថ្លៃទឹក ព្រោះបច្ចុប្បន្នមិនទាន់មានអ្នកឧបត្ថម្ភដំណើរការនេះនៅឡើយទេ។

កាលពីថ្ងៃអាទិត្យទី១០ខែមិថុនាម្សិលមិញនេះ Prak Football Academy បានជ្រើសរើសក្មេងអាយុ ចាប់ពី ១៤ដល់ ១៦មានវត្ដមានក្មេងៗជាច្រើន និងកីឡាករ ប្រាក់ មុន្នីឧត្ដម ចូលរួមផងដែរ។

នៅថ្ងៃអាទិត្យ១៧ខែមិថុនាចុងសប្ដាហ៍នេះ Prak Football Academy ក៏នឹងបន្តជ្រើសរើសក្មេងៗចូលហាត់ជាបន្តទៀតដែរ ដោយបានប្រកាសនៅលើទំព័រហ្វេសប៊ុក Prak Football Academy ថា៖ «មានក្មេងៗ ឬ ក្មួយៗណាចង់ហ្វឹកហាត់បាល់ទាត់ ឬក៏ចង់ក្លាយជាសមាជិកក្រុម PrakFootball Academy ទេ? សូមមកទទួលការធ្វើតេស្ដ នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ នេះ។ ទីតាំនៅលើផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ តារាងឈ្មោះ Village Football Pitch វេលាម៉ោង៨រហូតដល់១០ព្រឹក ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈឆាត។ ហើយយើងខ្ញុំសូមអភ័យទោសក្នុងការឆ្លើយតប និងមិនបានឆ្លើយតាមទាន់ពេលវេលាដោយសារមានក្មេងៗ ប្អូនៗ និងក្មួយៗ ឆាតមកច្រើនពេក។ សូមអរគុណផងដែរ ដែលបានគាំទ្រ PrakFootball Academy យើងខ្ញុំ»៕

ប្រភព៖ CNCC
រូបភាព៖ Prak Football Academy