គណៈកម្មការការរៀចំប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី១ ឆ្នាំ២០១៧ បានចាប់ឆ្នោតចែកពូល ដល់ក្រុមចូលរួមចំនួន១៨ ជា ៣ពូល បានធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ នៅ ទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដោយប្រកួតគ្រោងចាប់ផ្តើម ពីថ្ងៃទី២៩ ខែកក្កដាតទៅរហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅទីលានស្តាតចាស់។
លោក ថុល នាង ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈកម្មការរៀបចំការប្រកួត មានប្រសាសសន៍ថា ក្នុងចំណោម១៨ក្រុមនេះត្រូវបានបែងចែកជា ៣ពូល ដោយក្នុង១ពូលៗ មាន៦ក្រុមដូចៗគ្នា។ ក្រុមលេខ១ និងក្រុមលេខ ២នៅតាមពូលនីមួយៗ ព្រមទាំងក្រុមលេខ៣ល្អពីរក្រុមនឹងបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ លោកបន្ថែមថា គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបណ្ដុះស្មារតីយុវជនកម្ពុជាឲ្យចេះស្រឡាញ់ និងចូលរួមលេងកីឡា និងមានបំណងជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជាទិសដៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ នាឆ្នាំក្រោយនឹងអាចបង្កើតពានរង្វាន់នេះម្ដងទៀត ដោយមានក្រុមចូលរួមច្រើន និងប្រាក់រង្វាន់ក៏ច្រើនជាងឆ្នាំ២០១៧នេះដែរ។
សម្រាប់ពានរង្វាន់សម្ដេច ហេង សំរិន លើកទី១ ឆ្នាំ២០១៧ នេះមិនអនុញ្ញាតឲ្យកីឡាករអាជីពក្នុងលីគអាជីពកម្ពុជា ឆ្នាំ២០១៦, ឆ្នាំ២០១៧ និងកីឡាករបរទេសចូលរួមលេងនោះឡើយ ដោយការប្រកួតនេះចង់ឲ្យតែកីឡាករខ្មែរបានបង្កើនបច្ចេកទេស លេងដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
គួរបញ្ជាក់ផងថា សម្រាប់រង្វាន់ក្រុមលេខ១ នឹងទទួលបានពាន១ អមដោយទឹកប្រាក់ ២៤លានរៀល និង លេខ២ទទួលបានប្រាក់រង្វាន់១២លានរៀល និងលេខ ៣ទទួលទឹកប្រាក់ ៦លានរៀល។ អ្នករកគ្រាប់បាល់បានច្រើនជាងគេទទួលបានពានមួយ និងថវិកា ៨០ម៉ឺនរៀល អ្នកចាំទីល្អទទួល ៨០ម៉ឺនរៀល និងពានមួយ និង ក្រុម Fair Play ទទួលបានពានមួយ និងទឹកប្រាក់ ២លានរៀល៕