គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា (CNCC) ដែលជាស្ថាប័នឯករាជ្យមួយរៀបចំព្រឹត្តិការណ៍ពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានបង្កើតកម្មវិធីប្រកួតប្រជែងធ្វើវីដេអូខ្លី ក្រោមប្រធានបទ «យុវជន និង កីឡាបាល់ទាត់» ដើម្បីឈ្នះរង្វាន់ទូរស័ព្ទ LG-K8 2017។
ចំពោះល័ក្ខខ័ណ្ឌដែលបេក្ខជនត្រូវចូលរួមប្រកួតមានដូចជា ចូល Like Page គណៈកម្មការបាល់ទាត់ជាតិកម្ពុជា, បង្កើតវីដេអូខ្លីដែលមានរយៈពេល ១ – ២ នាទី, បង្ហោះចូលក្នុងគណនីហ្វេសប៊ុករបស់ខ្លួនរួចធ្វើការដាក់ ពាក្យគន្លឹះ (Host-Tag) #CNCCSHORTFILM #LGMOBILEKH។ ក្រុមការងាររបស់ CNCC នឹងជ្រើសរើសយកវីដេអូចំនួន៥ដែលមានចំនួន Likes និង Shares បានច្រើនជាងគេ ហើយដាក់ក្នុង Page CNCC។ ជាចុងក្រោយធ្វើការស្វែងរកអ្នកដែលបានចំនួន Likes និង Shares ច្រើនជាងគេម្តងទៀតដើម្បីទទួលរង្វាន់។
ការប្រកួតប្រជែងនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែ មិថុនា រហូតដល់ ថ្ងៃទី០២ ខែកក្កដា បន្ទាប់មកយកវីដេអូដែលបាន likes និង Shares បានច្រើនជាងគេទាំង ៥ មក post នៅលើ page CNCC រហូតដល់ថ្ងៃទី ១២ កក្កដា ហើយនឹងប្រកាសឈ្មោះអ្នកឈ្នះរង្វាន់ទូរស័ព្ទ LG-K8 2017 តែមួយប៉ុណ្ណោះពីក្រុមហ៊ុន GGear Company។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតអង្គភាព CNCC ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅដោយមានឯកឧត្តម ឌី វិជ្ជា ជាប្រធានគណៈកម្មការនាយក ស្របពេលប្រធានក្លិបនីមួយៗ នៅក្នុងលីគកំពូលកម្ពុជាទាំង១២ជាសមាជិក។ ការបង្កើតគណៈកម្មការនេះរំពឹងថានឹងជួយជម្រុះបន្ថែម និងពង្រឹង ដើម្បីអភិវឌ្ឍន៍ការប្រកួត ដែលជាផែនការយុទ្ធសាស្រ្តមួយរបស់សហព័ន្ធ១ក្នុងចំណោម១១របស់សហព័ន្ធ។ ស្ថាប័នជំនាញមួយនេះបង្កើតឡើងដើម្បីគ្រប់គ្រងការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ចាប់ពីរដូវកាលឆ្នាំ២០១៧ នេះតទៅ៕