ឯកឧត្តម ថោង ខុន បាននាំយកថវិកាឧត្ថម្ភជាង១៤ម៉ឺនដុល្លារ សហរដ្ឋអាមេរិករបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ កាលពីយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជ័យលាភី ទាំងនេះបានឈ្នះក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។
ការនាំយកថវិកាផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីមកប្រគល់ជូនម្ចាស់ជ័យលាភី កីឡា ស៊ីហ្គេមនេះ បានធ្វើឡើងភ្លាមៗ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ពិធីពិសារអាហារសាមគ្គី មហាគ្រួសារកីឡាជាតិលើកទី៣ រវាងសម្ដេច តេជោនាយករដ្ឋមន្ដ្រី និងកីឡាករ-កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ ថ្នាក់ដឹកនាំ សមាជិករបស់ សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធ រួមទាំងព្រឹទ្ធាចារ្យកីឡាជើងចាស់សរុបចំនួន ៣.៩៩៧ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។
សមិទ្ធផលទទួលបានពីការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៧ ក្រុមអត្ត ពលិកកម្ពុជាដណ្ដើមបានមេដាយមាស៤គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរឹទ្ធ ៣៥គ្រឿង។ តាមគោលការណ៍របស់សម្ដេចតេជោរាល់ការដណ្ដើមបានមេដាយស៊ីហ្គេម ក្រៅពីទទួលបានប្រាក់រង្វាន់តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបាន ប្រកាសឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចបន្ថែម ដោយមេដាយមាស១គ្រឿងទទួលបាន៥.០ ០០ដុល្លារ មេដាយប្រាក់១គ្រឿង៣.០០០ដុល្លារ និងមេដាយសំរឹទ្ធ១គ្រឿង ២.០០០ដុល្លារ ។
លើសពីនេះ គ្រូបង្វឹក និងគ្រូជំនួយក៏ទទួលបានការកំណត់ផងដែរ ដែលសរុបសម្ដេចតេជោ ហ៊ុន សែន បានចំណាយអស់ ១៤៥.៣០០ដុល្លារ៕