បន្ទាប់ឈរជើងនៅក្នុងលីគកំពូលកម្ពុជាអស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ ក្លឹបសកលវិទ្យាល័យអាស៊ីអឺរ៉ុប មិនមានទីលានប្រកួតក៏ដូចជាកន្លែងហ្វឹកហាត់ត្រឹមត្រូវតាមលក្ខណៈអាជិពនោះទេ ដោយត្រូវជួលទីលានគេមកហ្វឹកហាត់ ។​ ដោយមើលឃើញនូវផលវិបាករបស់កីឡាករ គ្រូបង្វឹក ថ្នាក់ដឹកនាំក្លឹប និងដើម្បីលើកទឹកចិត្តពួកគេ និងចង់បង្ហាញភាពខ្លាំងឲ្យបណ្តាក្លឹបនានា ក្នុងលីគ ឲ្យដឹងថាក្លឹបមួយនេះ កំពុងតែអភិវឌ្ឍន៍ខ្លួនទៅរកភាពខ្លាំង នាពេលខាងមុខនោះ។  លោក  ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងជាប្រធានសមាគមកីឡា អាស៊ីអឺរ៉ុប បានសម្រេចចិត្តចំណាយថវិការផ្ទាល់ខ្លួន​ ប្រមាណជា ៣៥ម៉ឺនដុល្លារ សាងសង់នូវទីលានបាល់ទាត់ និងកន្លែងអង្គុយទស្សនា កីឡាដ្ឋានរបស់ខ្លន  ដោយគ្រោងនឹងបញ្ជប់ជាស្ថាពរនាដើមខែកមរា ឆ្នំា២០១៨  ខាងមុខ ឲ្យទាន់ពេលរដូវកាលថ្មីនៃលីគកំពូលកម្ពុជាចាប់ផ្តើម។

ថ្លែងក្នុងពិធិបើកសម្ពោធដាក់ឲ្យដំណើរការទីលានបាល់ទាត់ និងបើកការដ្ឋានសាងសង់ កន្លែងអង្គុយទស្សនា កាលពីព្រឹកមិញ នៅទីតាំងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។​ ស្ថាបនិកក្លឹបសកលវិទ្យាល័យអាស៊ីអឹរ៉ុប លោក ឌួង លាង បន្ថែមបន្តថា ខណៈដែលពីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់នេះ លោកសង្ឈឹមថា ក្លឹបកីឡាបាល់ទាត់ ដែលមានបទពិសោធន៍ជាច្រើនរដូវកាលនៅក្នុងលីគកំពុលកម្ពុជាមួយនេះ នឹងបង្កើននូវកម្រិតបច្ចេកទេស សមត្ថភាពរបស់កីឡាកររបស់ក្លឹបកាន់តែល្អប្រសើរ បន្ថែមទៀត ដោយហេតុចាប់ពីពេលនេះទៅ គឺកីឡាករបាល់ទាត់ក្លឹបសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប មានកន្លែងហ្វឹកហាត់ត្រឹមត្រូវ និងអាចទទួលការប្រកួតនានា ជាពិសេសនឹងអាចទទួលធ្វើម្ចាស់ផ្ទះ ក្របខ័ណ្ឌលីគកំពូលកម្ពុជាផងដែរ។ ប្រធានសមាគមកីឡា អាស៊ីអឺរ៉ុប បន្ថែថា ទីលានបាល់ទាត់នេះនឹងមានអំណោយផលល្អ ពីព្រោះវាស្ថិតនៅជិតរាជធានភ្នំពេញ ដោយគ្រាន់តែឆ្លងស្រឡាងបន្តិចនឹងដល់ហើយៗ នឹងត្រូវចំណាយតិចតួច និងចំណេញពេល សម្រាប់ការហ្វឹកហាត់របស់កីឡាករ និងការប្រកួតនានា។

ប្រធានក្រុមប្រឹក្សាររូបនេះបន្តទៀតថា ទីលាននេះមិនត្រឹមតែមានតែបម្រើតែលើកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលកីឡាដ៏ធំមួយ ដែលស្ថិតនៅក្នុងផែនការរបស់យើង ដោយទីលានបាល់ទាត់ធ្វើរួចរាល់១០០%ហើយ នៅតែកន្លែងអង្គុយប៉ុណ្ណោះ ដែលត្រូវធ្វើឲ្យបានរួចរាល់ក្នុងរយៈពេល៣ខែខាងមុខ។ បន្ទាប់ពីនេះនឹងធ្វើទីលានបាល់ទាត់ក្នុងសាលចំនួន៣, បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ ស្នូកឃឺរជាដើម។

ទីលានបាល់ទាត់នេះធ្វើឡើងលើទំហំដី ៤ហិកតា ហើយទីលានបាល់ទាត់ត្រូវបានធ្វើឡើងតាមស្តង់ដារ ដែលមានទំហំប៉ុនគ្នាជាមួយទីលានបាល់ទាត់ជាតិ នៃពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលសរុបលើការសាងសង់ទីលានបាល់ទាត់តែមួយ អស់ប្រមាណ៤០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ហើយទីលានបាល់ទាត់នឹងអាចទទួលធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតលីគកំពូល នារដូវកាលក្រោយ ឆ្នាំ២០១៨ ខាងមុខ។

លោក ឌួង លាង បញ្ជាក់បន្ថែមថា នាឆ្នាំ២០២៣ ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ដូច្នេះហើយសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានបង្ហាញពីចក្ខុវិស័យរបស់ខ្លួនថា ការកសាងមជ្ឈមណ្ឌលកីឡានេះ គឺជាការរួមចំណែកអភិវឌ្ឍវិស័យកីឡាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម នោះដែរ ហើយអាស៊ីអឺរ៉ុប មិនមែនត្រឹមតែគិតនោះទេ ប៉ុន្តែពេលនេះគឺយើងកំពុងធ្វើហើយ ដោយសមិទ្ធផលបម្រើដល់កីឡាជាតិនេះកំពុងចេញជារូបរាងជាបណ្តើរៗហើយដែរ៕