ថ្លែងនៅក្នុងពិធីបើកការប្រកួតជាផ្លូវការ កាលពីល្ងាចម្សិលមិញ នៅវិមានកីឡដ្ឋានជាតិ នៃព្រឹត្តិការណ៍កីឡា សិស្សនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ជ្រើសរើសជើងឯកទូទាំងប្រទេស, លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានស្នើរឲ្យសាកលវិទ្យាល័យ និងសាលាមធ្យមសិក្សាបច្ចេកទេសនានាគួរតែបង្កើតសមាគម និងក្លិបកីឡាឲ្យបានផុសផុលគ្រប់ប្រភេទកីឡា ដើម្បីចូលរួមចំណែកក្នុងការកែទម្រង់ធនធានមនុស្សរបស់ក្រសួងអប់រំយុវជន និងកីឡាលើវិស័យអប់រំកាយ និងកីឡា។
លោករដ្ឋលេខាធិការបន្តទៀតថា កីឡាជាសេវាសុខភាព ដែលមានតម្លៃស្មើនឹងសេវាសុខាភិបាល ដូច្នេះហើយយើងទាំងអស់គ្នាត្រូវរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអប្បាយមុខផ្សេងៗនៅក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងការភ្លើនភ្លើនរបស់យុវជន។ ដូច្នេះកីឡាគឺជាមូលដ្ឋានគ្រិះ នៃការគោរពវិន័យ រក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងកិត្តិយស ដែលជាការចាប់ផ្តើមកសាងវប្បធម៌ ចេះរស់នៅជាមួយគ្នា ហើយកីឡានេះហើយដែលធ្វើឲ្យកីឡាករ-កីឡាការិនី មានឱកាសសាកល្បងបញ្ចេញសមត្ថភាព បច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ដើម្បីទទួលបានផលទៅតាមបទបញ្ជាបច្ចេកទេសនៃប្រភេទកីឡានីមួយៗ។ មួយវិញទៀត លោកក៏បានស្នើរឲ្យមន្រ្តីបច្ចេកទេស ដែលដឹកនាំការប្រកួតទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវ ដោយគោរពទៅតាមគោលការណ៍ Fair Play។
ការប្រកួតកីឡាសិស្សនិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជ្រើសរើស ជើងឯកទូទាំងប្រទេសឆ្នាំ២០១៧នេះមានអត្តពលិក និងមន្ត្រីបច្ចេកទេស សរុបចំនួន៦៧៦នាក់ ក្នុងនោះមាននារី ៨៨នាក់ ដោយមានប្រភេទកីឡាចំនួន៦ ដូចជា៖ បាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម វាយកូនឃ្លីលើតុ និងប៉េតង់។
ដោយឡែកក្លឹបកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៤០នាក់ លើ៣ប្រភេទកីឡា ដោយថ្ងៃបើឆាកការប្រកួតកីឡាបាល់បោះ កាលពីព្រឹកម្សិលមិញ ក្រុមបាល់បោះអាស៊ីអឺរ៉ុប ទាំងបុរស នារី រកបាន៣ពិន្ទុ ដូចៗគ្នា ដោយឈ្នះលើសាកលវិទ្យាល័យ វេស្ទើន និងឈ្នះក្រុមសាកលវិទ្យាល័យ ស្វាយរៀង។ លោក ពៅ ហុក គ្រូកីឡា អាស៊ីអឺរ៉ុប បានបញ្ជាក់ថា អត្តពលិករបស់លោកកំពុងតែខិតខំប្រកួតយ៉ាងខ្លាំង ដោយរំពឹងថានឹងអាចដណ្តើមមេដាយមាសពីចន្លោះ១២គ្រឿង ដល់១៥គ្រឿងពីកីឡាថ្នាក់ជាតិទូទាំងប្រទេសមួយនេះ៕