ប្រភេទកីឡាបាល់ទាត់ ក្នុងចំណោម៦ប្រភេទកីឡានៃព្រឹត្តិការណ៍មហាជនរាជធានីភ្នំពេញ ប្រចាំឆ្នាំ២០១៧ បានរកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ កាលពីព្រឹកមិញ នៅទីលាន វិទ្យាល័យបឹងកេងកង បន្ទាប់ក្រុមខ្លាំងៗទាំង៤បានយកឈ្នះលើគូប្រកួតរៀងៗខ្លួនរួចហើយនោះ។
៤ក្រុមនោះ គឺក្រុមវិទ្យាល័យឫស្សីកែវ ប្រកួតឈ្នះក្រុមអង្គការមិត្តសំឡាញ់ ក្នុងលទ្ធផល ១១ទល់១ ខណៈ សាលាខណ្ឌជ្រោយចង្វារ បានយកឈ្នះក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌមានជ័យ ១១ទល់២ រីឯក្រុម អូ. ខេ.អេហ្វឈ្នះវិទ្យាល័យជាស៊ីមសាមគ្គី ៣ទល់២ ខណៈវិទ្យាល័យសន្ធរម៉ុក ឈ្នះវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដោយលទ្ធផល ៨ទល់០។ សម្រាប់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺវិទ្យាល័យឫស្សីកែវនឹងត្រូវជួបជាមួយ ក្រុមសាលាខណ្ឌជ្រោយចង្វារ ហើយក្រុម អូ. ខេ.អេហ្វ នឹងប៉ះជាមួយក្រុមវិទ្យាល័យសន្ធរម៉ុក នាថ្ងៃទី២៦ មិថុនា ដូចគ្នា។ ឆ្នាំនេះក្រុមបាល់ទាត់មានចំនួន ៩ក្រុម ដោយកើនឡើង៤ក្រុម បើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុន។
ចំណែកឯលទ្ធផលលើប្រភេទកីឡាបាល់ទះ កាលពីម្សិលមិញ គឺក្រុមវិទ្យាល័យជាស៊ីមជ្រោយចង្វារបានយកឈ្នះវិទ្យាល័យជាស៊ីមសាមគ្គី ដោយលទ្ធផល ៣សិតទល់២សិត ក្នុងពិន្ទុ ២៥ទល់១៩, ២២ទល់២៥, ១៧ទល់២៥, ២៥ទល់២៣ និង១៦ទល់១៤។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាមហាជនរាជធានីភ្នំពេញ ប្រចាំឆ្នាំ២០១៧នេះ មានចំនួន៦ប្រភេទកីឡា គឺបាល់ទាត់, បាល់បោះ, បាល់ទះ, អត្តពលកម្ម, ប៉េតង់ និងវាយកូនឃ្លីលើតុ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៩ មិថុនា និងគ្រោងបញ្ចប់ចែករង្វាន់ជ័យលាភី នាថ្ងៃទី២៨ មិថុនា ខាងមុខ៕