ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជារៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមបាល់ទះកម្រិតមូលដ្ឋាន ដែលនឹងធ្វើនៅថ្ងៃទី ១២ ដល់ថ្ងៃទី១៧ ខែមិថុនា នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី៧ ខែមិថុនា ម្សិលមិញ ដោយលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ដើម្បីលើកកម្ពស់មន្ត្រីជំនាញកីឡាបាល់ទះឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាពក្នុងការរៀបចំ ដឹកនាំការប្រកួតថ្នាក់រាជធានី-ខេត្ត ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅ​ក្រម​ម្រិតមូលដ្ឋាន។ លោក ស៊ាន បូរ៉ាត បានស្នើរឲ្យប្រធានមន្ទីរអប់រំ បញ្ជួនមន្ត្រីរបស់ខ្លួនចូល​រួម​​វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមបាល់ទះកម្រិតមូលដ្ឋាននេះ។

សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះប្រើប្រាស់ថវិកាឆ្នាំ២០១៧ របស់អង្គភាពថវិកាអគ្គនាយកដ្ឋានកីឡា។ ហើយសិក្ខាកាមដែលនឹងត្រូវចូលរួមនោះត្រូវភ្ជាប់មកជាមួយនូវ​ លិខិតឧទ្ទេសនាមរបស់អង្គភាពរបស់ខ្លួន។

សូមបញ្ជាក់ថា សិក្ខាកាមដែលចូលរួមសិក្សាអាជ្ញាកណ្តាល និងចៅក្រមបាល់ទះកម្រិតមូលដ្ឋាននេះ មានចំនួន ៣០នាក់មកពីបណ្តាលមន្ទីអប់រំ រាជធានី ខេត្ត ទូទាំងប្រទេស៕