ក្រុម​អត្តពលិក​របស់​កម្ពុជា អស់​វិញ្ញាសា​ដែល​ត្រូវ​ប្រកួត​ដណ្តើម​មេដាយ​ទៀត​ហើយ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃ​ពុធ ទី​៣០​ខែ​សីហា ឆ្នាំ​២០១៧ នេះ​ក្រោយ​រក​បាន​មេដាយ សរុប​ចំនួន​១៧គ្រឿង ឈរ​ពី​លើ​ប្រទេស​ឡាវ ប្រ៊ុយណេ និង​ទីម័រខាងកើត។

ក្នុង​ចំណោម​ប្រភេទ​​ចំនួន​២៤​ប្រភេទ​ដែល​មាន​អត្តពលិក​សរុប​​១៦៩នាក់ កម្ពុជា រក​បាន​មេដាយ​មាស​ចំនួន​៣ គ្រឿង មេដាយ​ប្រាក់​២គ្រឿង និង​មេដាយ​សំរឹទ្ធ​១២​គ្រឿង មក​ពី​​ប្រភេទ​កីឡា​ចំនួន​៧។បើ​ធៀប​នឹង​ស៊ីហ្គេមកាល​ពី​ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហបុរី កម្ពុជា បាន​បញ្ជូន​​អត្តពលិក​ទៅ​ប្រកួត​លើ​២៣​ប្រភេទ​កីឡា​ដោយ​ដណ្តើម​បាន​មេដាយ​មាស ១គ្រឿង ប្រាក់​៥គ្រឿង និង​សំរឹទ្ធ៩គ្រឿង។

ប្រភេទ​កីឡា​ដែល​ដណ្តើម​បាន​មេដាយ​លើក​នេះ​មាន ប៉េតង់​ទទួលបាន​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​៣ ប្រដាល់​គុន​ខ្មែរ បាន​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​២ រីឯ​តេ​ក្វាន់​ដូ បាន​មេដាយមាស​១ និង​សំរឹទ្ធ​២។ ​ប្រភេទ​កីឡា​ផ្សេងទៀត​ដែល​ទទួលបាន​សុទ្ធតែ​មេដាយ​សំរឹទ្ធ រួមមាន ឈិន​ឡូ​ន ២ ជិះសេះ​១ វាយ​កូន​បាល់​១ និង​ប្រដាល់សកល១​។

ចំណែក​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​មេដាយ រាជរដ្ឋាភិបាល ក៏​ដូចជា​ក្រុមហ៊ុន​ឯកជន​បាន​ត្រៀម​ប្រាក់​រង្វាន់​ទឹក​ប្រាក់​មាន​ដូចជា៖

*​​មេដាយ​មាស​លើ​វិញ្ញាសារ​ឯកត្តជន
១) មេដាយ​មាស ទទួល​បាន ១០ ០០០ ដុល្លារ​ ពី​រាជរដ្ឋាភិបាល, ៥ ០០០ ដុល្លារ​ ពី​សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ៩ ០០០ ដុល្លារ​ ពី​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត។ សរុប ២៤ ០០០ ដុល្លារ។
២) មេដាយ​ប្រាក់ ទទួល​បាន ១៣ ៥០០ ដុល្លារ
៣) មេដាយ​សំរឹទ្ធ ទទួល​បាន ៧ ០០០ ដុល្លារ

*មេដាយ​មាស​វិញ្ញាសា​កីឡា​ជា​ក្រុម
១) មេដាយ​មាស ទទួល​បាន ៨ ០០០ ដុល្លារ
២) មេដាយ​ប្រាក់ ទទួល​បាន ៥ ០០០ ដុល្លារ
៣)មេដាយ​សំរឹទ្ធ ទទួល​បាន ៣ ០០០ ដុល្លារ

សូម​រំលឹក​ថា​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧ នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៩ ខែ​សីហា ហើយ​បិទ​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣០​ខែ​សីហា ឆ្នាំ២០១៧ ខណៈ​វិញ្ញាសារ​កីឡា​មួយ​ចំនួន​ប្រកួត​មុន​ថ្ងៃ​បើក​ឆាក​មក​ដល់។ ស៊ីហ្គេម​ឆ្នាំ​នេះ​ក្រោម​ពាក្យ​ស្លោក​ថា « Rissing Together»។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ដាក់​​កីឡា​​ចំនួន​៣៨​ប្រភេទ មាន​៤០៥ វិញ្ញាសា នឹង​ដាក់​ឱ្យ​អត្តពលិក​ប្រមាណ​ជា​៤៨៨៨នាក់ មក​ពី​ប្រទេស​ជា​សមាជិក​ទាំង​១១​ចូលរួម​ប្រកួតប្រជែង៕