លោកឧកញ៉ា គង់ រិទ្ធីជព្វ នូវតែជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នៅក្នុងអាណត្តិទី៣ ឆ្នាំ ២០១៧ដល់ឆ្នាំ២០២១ ក្រោយពីសមាជិកប្រត្តិ និងអ្នកតំណាងមកពីបណ្តាលក្លិប-សមាគមកីឡាទ្រីយ៉ាត្លង់បោះឆ្នោតគាំទ្រដោយលើកដៃ និងផ្តល់សេចក្តីទុកចិត្តជូនដល់ឲ្យលោកបន្តជាប្រធានដឹកនាំដដែល នៅក្នុងមហាសន្និបាតសហព័ន្ធរបស់ខ្លួន កាលពីម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លទ្ធផលពីការបោះឆ្នោតរៀបចំក្បាលម៉ាស៊ីនដឹកនាំ សម្រាប់អាណត្តិថ្មីនេះ រួមមាន៖ លោកឧកញ៉ា គង់ រិទ្ធីជព្វ ជាប្រធាន, អ្នកស្រីម៉ក់ វណ្ណស៊ីថា អនុប្រធានទី១, លោកស្រី ហួត ចាន់ដានី អនុប្រធានទី២, លោក ងិន សុខបញ្ញា អគ្គលេខាធិការ កញ្ញា ញ៉ែម សុភា អគ្គលេខាធិការរង។
លោក ងិន សុខបញ្ញា បានបង្ហាញជូនអង្គមហាសន្និបាតថា ក្នុងឆ្នាំ២០១៧នេះ មានចំណុចខ្លាំងជាច្រើនដូចជាថ្នាក់ដឹកនាំ គ្រូងបង្វឹក និងកីឡាករ-កីឡាការិនីមានការសាមគ្គីផ្ទៃក្នុង ល្អណាស់ ហើយបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ និងបង្កើតកីឡាករជម្រើសជាតិ ថែមទំាងចូលរួមការប្រកួតកីឡា SEA GAMES លើកដំបូងទៀត ក្រៅពីនេះទ្រីយ៉ាត្លុងកម្បុជាឈ្នះមេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿងនៃការប្រកួតប្រចាំតំបន់នៅថៃ កាលពីពេលកន្លងទៅ។
លោកបានបន្តថា ចំពោះចំណុចខ្សោយវិញ គឺខ្វះសម្ភារៈហ្វឹកហាត់ ថវិកាជួយទ្រទ្រង់សហព័ន្ធ និងនៅឆ្ងាយពីតំបន់ឆ្នេរសមុទ្រពិបាកក្នុងការហ្វឹកហាត់។ ខ្វះអាហារូបត្ថម្ភ ដែលនាំឲ្យសមត្ថភាពកីឡាករ-កីឡាការិនីនៅមានកម្រិត ហើយការប្រកួតក្រៅប្រទេស និងក្នុងប្រទេសមានចំនួនតិចតួចនៅឡើយ ដែលធ្វើឲ្យកីឡាករពុំមានបទពិសោធន៍ច្រើននៃការប្រកួតជាលក្ខណៈអន្តរជាតិ និងធ្វើឲ្យកពុំទទួលបានមេដាយនៅ SEA GAMES ជាដើម៕