អត្តពលិកកីឡាទាញព្រ័ត្រកម្ពុជាកំពុងខិតខំហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីបង្កើនកម្រិតបច្ចេកទេស ដើម្បីចូលរួមប្រកួតជាលើកដំបូងរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍កីឡាទាញព្រ័ត្រជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៩ នៅប្រទេសសឹង្ហបុរី ឆ្នាំ២០១៧ ដែលនឹងចូលមកដល់ នាអំឡុងពាក់កណ្តាលខែសីហា ខាងមុខនេះ ដោយតំណាងសហព័ន្ធបានបង្ហាញនូវក្តីរំពឹងខ្ពស់ថាខ្លួននឹងអាចដណ្តើមបានជ័យជម្នះ បន្ទាប់ពីមានការប្តេជ្ញាចិត្តខ្ពស់រួមគ្នាពីថ្នាក់ដឹកនា គ្រូបង្វឹក និងកីឡាករទាំងអស់។
អ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាគូសបញ្ជាក់ថា ការប្រមូលផ្តុំក្រុមកីឡាករទាញព្រ័ត្រនេះមានចំនួន១០នាក់ លើវិញ្ញាសាបុរសអាយុលើអាយុ២៣ឆ្នាំ ក្នុងប្រភេទទម្ងន់៦៤០គីឡូក្រាម ដែលគ្រោងចេញដំណើរនាថ្ងៃទី១០ សីហា និងវិលត្រឡប់មកវិញ នាថ្ងៃទី១៣ សីហា ខាងមុខ។ អគ្គលេខាធិការរូបនេះបន្ថែមថា ទោះបីកម្ពុជាដណ្តើមបានក្នុងលទ្ធផលកម្រិតណាក៏ដោយ ក៏លើកនេះយើងត្រូវតែទៅប្រកួតដែរ បើមិនដូច្នេះទេ យើងមិនដឹងដា វិស័យកីឡាទាញព្រ័ត្ររបស់កម្ពុជាដើរដល់កម្រិតណានោះទេ។
អ្នកស្រី ប្រាក់ សម្ផស្ស ដែលគេស្គាល់ថាជាអ្នកអត្ថាធិប្បាយកីឡាគ្រប់ប្រភេទដ៏ល្បីល្បាញថ្នាក់ជាតិមួយរូបផងដែរនោះបានចាត់ទុកថា ការបញ្ជូនអត្តពលិកកីឡាទាញព្រ័ត្រទៅចូលរួមនៅក្នុងការប្រកួតកម្រិតអន្តរជាតិនេះ គឺជាការដកស្រង់បទពិសោធន៍ដ៏ថ្មីមួយសម្រាប់កម្ពុជា ទាំងលើផ្នែកបច្ចេកទេស និងការរៀបចំ ដើម្បីទាញយកផលចំណេញ ដើម្បីត្រៀមខ្លួន ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិ នាពេលខាងមុខផងដែរ៕