ព្រឹត្តិការណ៍កីឡាបាល់ទាត់ ដណ្តើមពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន រដូវកាលទី៥ ឆ្នាំ២០១៧ បានរៀបចំពិធីចាប់ឆ្នោតចែកពូលហើយ កាលពីល្ងាចម្សិលមិញ នៅសណ្ឋាគារ សុខា, ដោយក្រុមចូលរួមចំនួន៣០ ខណៈពិធិនេះមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា។
លោក គីម រឹទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា ពានមិនអាជីពនេះ ត្រូវបានបង្កើតឡើងក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យបុគ្គលិក មន្ដ្រី និងយុវជនតាមបណ្តាក្រសួង និងស្ថាប័នទាំងអស់បានចូលរួមលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព សុខភាព ពិសេសគឺការរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ មិនតែប៉ុណ្ណោះឯកឧត្តមក៏បានបង្ហាញចំពោះការរៀបចំរដូវកាលទី៥ ដែលមានក្រុមបាល់ទាត់មកពីក្រសួង-ស្ថាប័ននានាដល់ទៅ ៣០ក្រុមចូលរួម សម្រាប់ឆ្នាំ២០១៧នេះផងដែរ។ ទន្ទឹមជាមួយគ្នា តំណាងលោក ហ៊ុន ម៉ានី រូបនេះ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុម កីឡាករ និងមន្ដ្រីគណៈកម្មការ អាជ្ញាកណ្ដាលទាំងអស់ ត្រូវអនុវត្តភារកិច្ចរបស់ខ្លួនឲ្យបានល្អបំផុត ដោយឈរលើស្មារតីកីឡា គោរពបទបញ្ជាការប្រកួត និងអនុវត្តគោលការណ៍ Fair-Play ឲ្យបានដាច់ខាត។
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ត្រូវបានធ្វើឡើងក្នុងគោលបំណងឲ្យកីឡាករជាមន្ត្រីរាជការបានចូលរួមលេងកីឡាដើម្បី សុខភាព មិត្តភាព និងរិតចំណងសាមគ្គីភាព ជាពិសេសគឺបានពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមបណ្តាក្រសួង និងស្ថាប័នរដ្ឋនានាឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ សម្រាប់ការប្រកួតរដូវកាល២០១៧នេះមានក្រុមចូលរួមកាន់តែច្រើនជាងរដូវកាលមុនៗ ដោយទទួលបានការគាំទ្រពីបណ្តាក្លឹបនានា និងទទួលបានការជួយឧបត្ថម្ភកាន់តែច្រើនពីបណ្តាក្រុមហ៊ុនឯកជននានា។ ឆ្នាំនេះមានក្រុមទាំងអស់៣០ចូលរួមការប្រកួតដែលត្រូវបានបែងចែកជា៧ពូលពោលចាប់ពីពូល A ដល់ E មាន៤ក្រុមក្នុងមួយពូល ខណៈពូល F និង G មាន៥ក្រុម ក្នុងមួយពូលៗ។ កាលពីឆ្នាំ២០១៦កន្លងទៅមានក្រុម២៩ចូលរួមប្រកួត។
ការបើកប្រកួតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៧ ខែតុលា ខាងមុខនេះ នៅទីលាន Premium Sport Club និងគ្រោងបញ្ចប់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពអន្តរក្រសួងស្ថាប័ននេះត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការបច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយមន្ត្រីអាជ្ញាកណ្តាលទាំងអស់ជាអ្នកជំនាញមកពីសហព័ន្ធ៕