ក្លិបបាល់ទាត់ Krabi FC ដែលជាសមាជិកលីគលំដាប់ទី២ (Thai Diversion 1)របស់ប្រទេសថៃ បានជូនដំណឹងដល់អ្នកគាំទ្រខ្លួនថាកីឡាករខ្មែរ-បារាំង ធារី ចន្ថាប៊ីន សមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា នឹងមិនមានឈ្មោះជាមួយក្រុមប្រចាំជើងទី២ នៃពានរង្វាន់នេះនោះទេ។
ប្រភពដែលស្និតនឹងកីឡាករ ធារី ចន្ថាប៊ីន បានលើកឡើងថាក្លិបសម្រេចឱ្យកីឡាករកម្ពុជា រូបនេះទៅក្លិបផ្សេងខ្ចីជើងមួយរយៈ ខណៈកិច្ចសន្យារបស់គេជាមួយក្លិបដែលចុះព្រមព្រៀងគ្នាកាលពីខែមករា គឺមានរយៈពេលរហូតដល់៣ឆ្នាំឯណោះ។ កីឡាករ ធារី ចន្ថាប៊ីន នៅពេលនេះកំពុងជាប់ឈ្មោះក្នុងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលបានប្រកួតមិត្តភាពជាមួយឥណ្ឌូណេស៊ី និងត្រៀមប្រកួតជម្រុះជើងឯកទ្វីបអាស៊ី ជាមួយក្រុមអាហ្វហ្គានីស្ថាន។ នៅមិនទាន់មានប្រភពបញ្ជាក់ថាកីឡាកររូបនេះទៅចូលរួមជាមួយក្លិបណានៅឡើយនោះទេ។
ក្លិប Krabi FC មានមូលដ្ឋាននៅភាគខាងត្បូង ប្រទេសថៃ ដោយបង្កើតបាន៩ឆ្នាំហើយគិតឆ្នាំ២០១៧ នេះ។ សព្វថ្ងៃ Krabi FC កំពុងតែឈរចំណាត់ថ្នាក់លេខ១២បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១៨ ដោយប្រកួត១៦លើកឈ្នះបាន៤លើក ស្មើ៥លើកនិងចាញ់៧លើក មាន១៧ពិន្ទុក្នុងដៃ។ កីឡាករ ធារី ចន្ថាប៊ីន មិនសូវបានបង្ហាញខ្លួនជាមួយក្រុមនោះទេក្នុងមួយរយៈចុងក្រោយនេះ ដោយសាររូបគេមានបញ្ហារបួស។
កីឡាករ ធារី ចន្ថាប៊ីន បានចុះកិច្ចសន្យាជាក្លិបភ្នំពេញក្រោនលើកដំបូងកាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅ ដំណាលគ្នានឹងមិត្តភក្ដិមកពីបារាំងជាមួយគ្នា កុក បូរីស និង គួច ដានី បន្ទាប់ពីពួកគេបានធ្វើដំណើរជាមួយក្រុមបាល់ទាត់កូនខ្មែរ-អឺរ៉ុប ដែលដឹកនាំដោយអតីតវីរបុរសបាល់ទាត់ខ្មែរ ប៉ែន ផាត មកប្រកួតនៅកម្ពុជា អំឡុងពាក់កណ្ដាលឆ្នាំ ២០១២។ សូមបញ្ជាក់ថា ធារី ធ្លាប់លើកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ជាមួយភ្នំពេញក្រោន រយៈពេល២ឆ្នាំជាប់គ្នាមកហើយ គឺនៅឆ្នាំ២០១៥ និង ២០១៥ ក្រោយប្រកបអាជីពនៅកម្ពុជា ជាង៤ ឆ្នាំហើយគេក៏ជាផ្នែកមួយជួយឱ្យភ្នំពេញក្រោន ឈ្នះចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ៕