កីឡករ-កីឡាការិនី កីឡាការ៉ាតេដូកម្ពុជា ចំនួន១៩នាក់ និងគ្រូបង្វឹកម្នាក់ នឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុន ចំនួន ១សប្តហ៍ ពីថ្ងៃ១៣ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ ខណៈភាគីជប៉ុនគ្រោង បញ្ជូនអ្នកជំនាញកីឡាការ៉ាតេរបស់ខ្លួន ៥រូបមកជួយបណ្តុះបណ្តាលដល់ការ៉ាតេកម្ពុជា នាខែក្រោយនេះផងដែរ ។ នេះបើតាមប្រសាសន៍ឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងពិធីជួបជុំគ្នាមួយ កាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញ នៅទីស្នាក់ការ NOCC។
អគ្គលេខាធិការ រូបនេះមានប្រសាសន៍បន្ថែមថា ការធ្វើដំណើរទៅទស្សនកិច្ចរយៈពេល ១សប្តាហ៍ របស់សិស្សគុន ការ៉ាតេដូកម្ពុជានេះ ទទួលបាន ការរៀបចំរបស់ស្ថានទូត និងក្រសួងការបរទេសជប៉ុនដែលកំណត់យកសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ជាសិស្សគុនប្រភេទកីឡាមួយនេះ ដោយជ្រើសរើសបានសិស្សានុសិស្សទាំងអស់ ចំនួន១៩នាក់ នៅទូទាំងប្រទេស។ លោកបន្ថែមទៀតថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលដឹកនាំដោយឯកឧត្តមសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅពេលអញ្ជើញទៅទស្សនកិច្ច នៅប្រទេសជប៉ុន កាលពីដើមឆ្នាំមុន ឯកឧត្តមបានស្នើសុំឲ្យប្រទេសជប៉ុនជួយបណ្តុះបណ្តាលដល់អត្តពលិកកម្ពុជា ដូច្នេះហើយរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេស និងស្ថានទូតរបស់ខ្លួនបានជូនដំណឹងមកកម្ពុជាយើង ថា ប្រទេសជប៉ុនមានកម្មវិធីសំខាន់ពីរ នាចុងឆ្នាំ២០១៧នេះ គឺកម្មវិធីទស្សនកិច្ចសិក្សាដោយយកសិស្សការ៉ាតាទៅទស្សនកិច្ចផង និងទៅហ្វឹកហាត់ផង នៅលើកោះ អូគីណាវ៉ា ដែលជាកោះកំណើតដើមនៃប្រភពក្បាច់គុន ការ៉ាតេ នេះ។ កម្មវិធីទី២ គឺជប៉ុននឹងបញ្ជូនអ្នកជំនាញកីឡាការ៉តេកម្រិតខ្ពស់ចំនួន៥រូប ពី៥ដាន់ដល់៨ដាន់ មកជួយបណ្តុះបណ្តាលអាជ្ញាកណ្តាលផង និងសិស្សគុនការ៉ាតេរបស់កម្ពុជាផង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។
លោកបញ្ជាក់បន្ថែមថា នៅក្នុងអាណត្តិរបស់ឯកឧត្តម អូនព័ន្ធមុនីរ័ត្ន គឺកំពុងសម្រួចគោលដៅរបស់ខ្លួនដោយធ្វើយ៉ាងណាពង្រឹងគុណភាព សមត្ថភាពរបស់កីឡាករ -កីឡាការិនីការ៉ាតេ ឲ្យបានឈានក្នុងការប្រកួតជម្រុះ ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន ធ្វើជាម្ចាស់ផ្ទះនោះ៕