ក្រុមម្ចាស់ផ្ទះ ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ ជម្រើសជាតិ ឥណ្ឌូណេស៊ី ដោយលទ្ធផល ០ទល់២ នៅក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំអន្តរជាតិ នៅកីឡដ្ឋានជាតិ កាលពីយប់មិញ មុនពេលដែលក្រុម ម្ចាស់ផ្ទះមួយនេះនឹងបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមភ្ញៀវមួយទៀត ក្រុមជម្រើសជាតិ អាហ្គានីស្ថាន នាថ្ងៃ ១៣ មិថុនា ខាងមុខឆាប់ៗនេះ សម្រាប់ការប្រកួតផ្លូវការវគ្គជម្រុះក្នុងពូលC នៃព្រឹត្តិការណ៍ទ្វីបអាស៊ី AFC Asian Cup។
សម្រាប់ជំនួបមិត្តភាព ក្រោមក្រសែភ្នែកទស្សនិកខ្មែរជាង៥ម៉ឺននាក់ ក្នុងនោះក៏មានអ្នកគាំទ្រឥណ្ឌូ ណេស៊ីរាប់រយនាក់ផងដែរ កាលយប់មិញនេះ ប៉ុន្តែទោះបីជាបច្ចេកទេសលេងរបស់ឥណ្ឌូណេស៊ីមានកម្រិតខ្ពស់ ជាងដោយអាចរកគ្រាប់បាល់បាន២គ្រាប់ ដោយ១គ្រាប់ធ្វើសម្រេចដោយកីឡាករ Irfan Haarys Bachdim នៅ នាទី២៦ និង១គ្រាប់ទៀត រកបានដោយកីឡាករ Gian Zola Nasrulloh នៅក្នុងម៉ោងបង្រ្គប់៩០នាទី។
លោក Leonardo គ្រូបង្វឹកកម្ពុជា ថ្លែងឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា លោកបានមើលឃើញពីចំណុច ខ្វះខាតមួយចំនួន ដែលកូនក្រុមរបស់ខ្លួនធ្វើមិនបានល្អ។ ដូច្នេះលោកនឹងជ្រើសរើសកីឡាករលេងបានល្អជាង គេ ដើម្បីត្រៀមជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ ខែមិថុនាដើមសប្ដាហ៍ក្រោយ។ លោកអះអាងថា ចំពោះទម្រង់លេងរបស់កីឡាករកម្ពុជា គឺមិនអន់ នោះទេ ប៉ុន្ដែអ្វីដែលខ្វះខាតនោះ គឺបច្ចេកទេស ដោយបច្ចេកទេសរបស់កីឡាករម្នាក់ៗ នៅមានកម្រិត ដែល ទាមទាឲ្យលោកត្រូវការពេលវេលាវែង ដើម្បីដុះខាត់សមត្ថភាពរបស់ពួកគេឲ្យកាន់តែរឹងមាំបន្ថែមទៀត។ គ្រូ បង្គោលរូបនេះបញ្ជាក់ថា សម្រាប់ការប្រកួតបន្ទាប់ ចំពោះកីឡាករធ្វើបានល្អ នាពេលនេះ លោកនឹងយកទៅ ដាក់ឲ្យលេងពេលជួបអាហ្វហ្គានីស្ថាន ហើយអ្នកធ្វើមិនបានល្អប្រហែលគ្មានឱកាសនោះទេ។ ក្រោមការដឹកនាំ របស់គ្រូសញ្ជាតិប្រេស៊ីលរូបនេះ កម្ពុជាជួបបរាជ័យ៣ប្រកួតជាប់ៗគ្នា ប៉ុន្ដែលោកមិនអន់ចិត្តនោះទេ ព្រោះ លោកបានដឹងពីកម្រិតសមត្ថភាពរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលលោកបានដាក់ចិត្តរួចជាស្រេច ដើម្បីខិតខំអភិវឌ្ឍបាល់ទាត់កម្ពុជាឲ្យមានការរីកចម្រើននាពេលអនាគតដោយប្រើរយៈពេលវែងសមរម្យមួយ។
គួរបញ្ចាក់ថា ក្រុមជម្រើសជាតិនឹងត្រូវប្រកួតបន្តជាមួយជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងជំនួបជម្រុះ នៃ ពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 UAE ក្នុងពូល C នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧៕