វីរកីឡាការិនីជម្រើសរើសជាតិតេក្វាន់ដូ WTF កម្ពុជា ស៊ន សៀវម៉ី និងមិត្តរូមក្រុមបានមកដល់មាតុភូមិកម្ពុជា បន្ទាប់ពីឈ្នះមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី ខណៈក្រុមកីឡាឈិនឡូន ឈ្នះមេដាយសំរឹទ្ធ ២គ្រឿងមកជាមួយដែរ នាព្រឹកថ្ងៃទី៣០ ខែសីហានេះ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
ជាមួយនឹងការមកដល់របស់អត្តពលិកម្ពុជា ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួន នៅស៊ីហ្គេមនេះដែរ ក៏មានការទទួលស្វាគមន៍ ពីសំណាក់ លោកបណ្ឌិតសុភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត។
ទន្ទឹមដំណើរនិវត្តន៍ របស់កីឡាការិនី ស៊ន សៀវម៉ី ដែលទើបនឹងឈ្នះមេដាយមាសស៊ីហ្គេម លើកទី២៩ នេះ បានឲ្យដឹងថា សម្រាប់ការប្រកួតគូដំបូងនៅស៊ីហ្គេមឆ្នាំនេះ គឺប្រកួតឈ្នះកីឡាការិនីម្ចាស់ផ្ទះម៉ាឡេស៊ី ដោយពិន្ទុ ១៤ ទល់នឹង ៣ និងគូទី២ ឈ្នះកីឡាការិនីហ្វីលីនពីន Alora ដោយពិន្ទុ ១៣ ទល់នឹង ៦ នៅវគ្គផ្តាច់ព្រ័ត្រ ឈ្នះមេដាយមាស តែម្តង។
សៀវម៉ី បានបញ្ជាក់ថា កីឡាការិនីហ្វីលីពីន គឺធ្លាប់ប្រកួតជាមួយគ្នា ៣លើកមកហើយ ដោយឈ្នះទាំងអស់ ប៉ុន្តែឈ្នះដោយពិន្ទុប្រគៀកប្រកិតគ្នា ខណៈលើកនេះពិបាកជាងការប្រកួតកន្លងទៅ ព្រោះកីឡារូបនេះមានកម្លាំងខ្លាំងដូចមនុស្សប្រុសអញ្ចឹង ដោយខ្លួនមិននឹកស្មានថាអាចឈ្នះពិន្ទុគូប្រកួតដាច់បែបនេះទេ។ ម្ចាស់មេដាយមាសរូបនេះ បន្ថែមថា “ខ្ញុំមានអារម្មណ៍ភ័យខ្លាំងណាស់នៅពេលប្រកួត ប្រសិនបើខ្ញុំបរាជ័យ ចំណាត់ថ្នាក់របស់កម្ពុជានឹងនៅក្រោមប្រទេសឡាវនៅស៊ីហ្គេមឆ្នាំនេះ ប៉ុន្តែជាលទ្ធផលខ្ញុំដណ្តើមមេដាយមាសជូនប្រទេសកម្ពុជា នឹងធ្វើឲ្យកម្ពុជារក្សាចំណាត់នៅស៊ីហ្គេម ខ្ញុំពិតមានក្តីរំភើបរីករាយមែនទែន។”
សូមបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អ្នកឈ្នះមេដាយស៊ីហ្គេម តាមគោការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មេដាយមាស ទទួលបាន ៤០លានរៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសរឹទ្ធ ១៦លានរៀល ព្រមទាំងប្រាក់រង្វាន់ពីបណ្តាក្រុមហ៊ុនមួយចំនួនទៀតផងដែរ៕