ប្រភេទកីឡាបាល់បោះរបស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបានឈ្នះ៣ប្រកួតជាប់ៗគ្នា ដោយជាប់ចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយមាសមួយវិញ្ញាសាហើយ ខណៈផ្នែកបាល់បោះនារី ឈ្នះមេដាយសំរិទ្ធ១វិញ្ញាសា នៃព្រឹត្តិការណ៍កីឡាសិស្ស-និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំសិក្សា ២០១៦-២០១៧ ដែលរៀបចំឡើដោយក្រសួងអប់រំ យុវជន និងកីឡា នៅពហុកីឡដ្ឋានជាតិ។
លោក ពៅ ហុក គ្រូកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានឲ្យដឹងថា ប្រភេទកីឡាបាល់បោះផ្នែកបុរសបានបញ្ចប់ការប្រកួតទាំងស្រុងហើយ ដោយក្រុមរបស់លោកឈរនៅចំណាត់ថ្នាក់លេខ១ ខណៈបាល់បោះនារី អាស៊ីអឺរ៉ុប បានយកឈ្នះត្រឹមមេដាយសំរិទ្ធ។ បាល់បោះអាស៊ីអឺរ៉ុប ដែលឈ្នះ៣ប្រកួតជាប់ៗគ្នានោះ គឺឈ្នះសាកលវិទ្យាល័យ វេស្ទើន ក្នុងពិន្ទុ ៧១ ទល់៤៦, ឈ្នះក្រុមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្ដាល ដោយលទ្ធផលពិន្ទុ ពិន្ទុ ៦៦ ទល់ ៥៦ និង១ប្រកួតចុងក្រោយកាលពីព្រឹកមិញ ឈ្នះ CamEd ដោយពិន្ទុ ៦២ទល់៤៤ ដូច្នេះបាល់បោះ អាស៊ីអឺរ៉ុប ឈ្នះមេដាយមាស។ ចំណែកឯបាល់បោះបុរស មួយប្រកួតទៀត គឺក្រុមសាកលវិទ្យាល័យ វេស្ទើន បានយកឈ្នះក្រុមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្តាល ដោយលទ្ធផលពិន្ទុ ៦៤ទល់៥៥។ សម្រាប់ការប្រកួតលើប្រភេទកីឡាប៉េតង់ និងអត្តពលកម្ម ដែលជាប្រភេទកីឡាសក្តានុពលរបស់ខ្លួននោះ នឹងរកបានមេដាយមាសបន្ថែមទៀត ពោលគឺអាចពី១២គ្រឿងដល់១៥គ្រឿងពីព្រឹត្តិការណ៍កីឡាថ្នាក់ជាតិមួយនេះជាក់ជាមិនខាន។
យោងតាមកម្មវិធីប្រកួតរបស់ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ការប្រកួតលើប្រភេទកីឡា អត្តពលកម្មនឹងត្រូវចាប់ផ្តើមការប្រកួតនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ រីឯប្រភេទប៉េតង់នឹងត្រូវបើកការប្រកួតនៅព្រឹកថ្ងៃសុក្រស្អែកនេះ នៅក្នុងពហុកីឡដ្ឋានជាតិដូចៗគ្នា។ ចំណែកឯបាល់ទាត់ បាល់ទះ និងវាយកូនឃ្លីលើតុ កំពុងដំណើរប្រកួតវគ្គជម្រុះជាបន្តបន្ទាប់ ដើម្បីឈានទៅរកវគ្គផ្តាច់ព្រ័ត្រ និងប្រារព្ធពិធីបិទ នាថ្ងៃទី២៥ តុលា ខាងមុខ៕