សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា គ្រោងនឹងររៀបចំព្រឹត្តិការណ៍ប្រកួតកីឡាសុតេន្នីស ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង នាពាក់កណ្តាលខែតុលា ខាងនេះ ដោយជ្រើសរើសតែកីឡករ កីឡការិនីល្អៗ មានសមត្ថភាព ចូលរួមតែប៉ុណ្ណោះ  និងបែងចែកជាសេរី A,B,C ទៅតាមក្រិតប្រភេទអាយុ។ នេះបើតាមឲ្យដឹងពីលោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធសូហ្វតេន្នីសកម្ពុជា ថ្លែងដឹងកាលពីព្រឹកមិញនេះ។

លោក ជា ប៊ុនហេង មានប្រសាសន៍បន្ថែមទៀតថា ការជ្រើសរើសយកតែកីឡាករ កីឡាការិនីខ្លាំង យកមកប្រកួតក្នុងពានរង្វាន់ គឺទទួលបានផលចំណេញជាច្រើន ទី១ គឺពេលវេលា ដោយកន្លងមកយើងត្រូវការប្រកួតដល់ទៅ ៦ថ្ងៃ និងចំណាយថវិកាច្រើន ប៉ុន្តែពេលនេះ យើងប្រើពេលតែ ៥ថ្ងៃទេ ដោយប្រកួតទាំងព្រឹក និងល្ងាច ហើយសម្រាប់ទីលានយើងមិនមានបញ្ហាចោតដូចពីមុនទេ ព្រោះពេលនេះសហព័ន្ធទីលានដែលលក្ខណៈស្តង់ដារអន្តរជាតិរបស់ខ្លួនមានដំបូលហើយ ងាយស្រួលឲ្យកីឡាករ កីឡាការិនីប្រកួតបានគ្រប់ពេល។ លោកបន្ថែមទៀតថា ការប្រកួរសូតេន្នីសនេះ គឺបើកទូលាយដល់មហាជន និងជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា និងមកពីក្រៅប្រទេសដូចថៃ ឡាវ វៀតណាម ក៏អាចចូលរួមបានដែរ ប៉ុន្តែត្រូវសមត្ថភាពលេងគ្រប់គ្រាន់ទើបអាចប្រកួតបាន និងមានក្លឹបមកពីបណ្តាខេត្ត រាជធានី មួយចំនួនដូចក្លឹបក្រសួងមហាផ្ទៃ ក្លឹបក្រសួងការពារជាតិ ក្លឹបខេត្តកំពង់ចាម កំពង់ឆ្នាំងនិងក្លឹបមកពីខេត្តកំពង់ស្ពឺ សរុបប្រមាណជាជិត ១០០នាក់ចួលរួម ដោយប្រកួតតាមរូមមន្តចែកពូលវាយវិលជុំ ចែកចេញជា ៩វិញ្ញាសា។

សូមបញ្ចាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតេន្នីស ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០១៧ នេះ គ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែតុលានេះ នៅទីលានវាយកូនបាល់សូតេន្នីស ស្ថិតនៅពហុកីឡដ្ឋានជាតិ ហើយសម្រាប់រង្វាន់ចំថ្នាក់លេខ១ ទទួលបាន ៨០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ ៦០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ៣ ៤០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៤ ២០ម៉ឺនរៀល៕