មូលនិធិ KMH ដែលកំពុងលេចធ្លោយ៉ាងខ្លាំងក្នុងការលើកកម្ពស់ និងរួមចំណែកជួយអភិវឌ្ឍសកម្មភាព កីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំឲ្យក្មេងៗជាកីឡាករបាល់ថ្នាលមកពីបណ្តាក្លឹបនានា បានចូលរួមលេង និងប្រកួតប្រកីឡាបាល់ទាត់ កាលពីថ្ងៃទី១ មិថុនា ម្សិលមិញ នៅទីលាន KHM Park ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមអបអរសាទរខួបលើកទី៦៨ នៃទិវាកុមារអន្តរជាតិ ព្រមទាំង ចូលរួមខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ទៀតផង។
លោក កាំង សេន ជាស្ថាបនិក និងជាប្រធានគណៈកម្មការ KMH មានប្រសាសន៍ថា មូលនិធិ KMH បានបង្កើតជាកម្មវិធីប្រកួតបាល់ទាត់សម្រាប់កុមារមួយ ដែលមានការចូលរួមយ៉ាងច្រើនកុះករ ដោយមានការចូលរួមពីខាងក្រុមកីឡាករជម្រើសជាតិក្រោមអាយុ១៥ឆ្នាំ, ក្រុមកុមារ KMH Academy U14, U16, U17, ក្រុម ISF U14និង We Are One U17 រួមជាមួយនឹងកុមារមកពីអង្គការមូលនិធិកុមារកម្ពុជា Cambodian Children’s Fund សរុបជាង៣០០នាក់។ លោក កាំង សេន បានបង្ហាញពីគោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីលើកទឹកចិត្ត និងផ្ដល់ឱកាសដល់ក្មេងៗបង្ហាញនូវទេពកោសល្យ ដែលពួកគេមាន ក្នុងការលេងបាល់ទាត់ជាក្រុម។ ម្យ៉ាងវិញទៀត មូលនិធិ KMH ក៏មានគោលបំណងចង់ឲ្យក្មេងៗយល់ដឹងពីការអប់រំផ្នែកកីឡាបន្ថែមលើអ្វីដែលពួកគេដឹងពីមុនមក។
មូលនិធិបាល់ទាត់ KMH ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យបាល់ទាត់ខ្មែរ ក៏ដូចជាស្នូលវិជ្ជមានមួយចំណែកសម្រាប់សង្គម តាមរយៈការផ្ដល់ឱកាសឱ្យក្មេងៗ បានបង្ហាញទេពកោសល្យរបស់ខ្លួន និងបង្ហាញសមត្ថភាព។ មួយវិញទៀតមូលនិធិនេះក៏ត្រូវបង្កើតឡើងដើម្បីប្រមូលប្រាក់សប្បុរសធម៌ជួយដល់សង្គមផងដែរ។ មូលនិធី KMH នេះគឺជាផ្នែកទទួលខុសត្រូវសង្គម និងសប្បុរសធម៌ របស់ ក្រុមហ៊ុន ISI STEEL Group ផងដែរ។
សូមរំឭកថា KMH តែងតែបានរៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារនេះជារៀងរាល់ឆ្នាំ និងការប្រកួតបាល់ ទាត់ផ្សេងៗជាច្រើនទៀត ដូចជា KMH Cup និង KMH Champion League ជាដើម្បីចូលរួមបំផុសស្មារតីកីឡា បាល់ទាត់និងជួយជ្រោមជ្រែងអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕