ការប្រកួតក្នុងពានរង្វាន់ Metfone Cambodian League សប្ដាហ៍ទី១កាលពីចុងសប្ដាហ៍កន្លងទៅ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយក្រុមទាំង១២បានប្រកួតប្រជែងគ្នាយកបីពិន្ទុក្នុងការប្រកួតទី១ក្នុងរដូវកាល។
ដោយឡែកសម្រាប់ការប្រកួតក្នុងសប្ដាហ៍ទី២នេះវិញ ក្រុមទាំងអស់នឹងត្រូវបង្ហាញសាច់ដុំនៅចុងសប្ដាហ៍នេះទៀត។សម្រាប់ថ្ងៃសៅរ៍ទី១០ខែមីនាឆ្នាំ២០១៨ នឹងមាន៣គូត្រូវចូលទីលានប្រជែងគ្នា។ ក្រោយចាញ់អគ្គស្នងការនគរបាលជាតិក្នុងលទ្ធផល៦ទល់០ ក្រុមវេស្ទើននឹងត្រូវធ្វើការធ្ងន់លើសមុនទៅទៀត ដោយត្រូវជួបម្ចាស់ជើងឯកចាស់បឹងកេតដែលបានឈ្នះអាស៊ីអឺរ៉ុប៤ទល់៣។ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានវេស្ទើនវេលាម៉ោង៣និង០០នាទីរសៀល។
ចំណែកក្រុមចំណូលថ្មីតែបង្ហាញទម្រង់លេងល្អគួរសម និងរឹងក្នុងតំបន់ការពារ សូលទីឡូអង្គរត្រូវតតាំងជាមួយអាស៊ីអឺរ៉ុប យូណាយធីត វេលាម៉ោង៣និង៣០នាទីរសៀល ខណៈដែលភ្នំពេញក្រោនត្រូវជួបការពារជាតិនៅពហុកីឡដ្ឋានជាតិវេលាម៉ោង៦និង៣០នាទី។
សម្រាប់ថ្ងៃអាទិត្យទី១១មីនាវិញអគ្គិសនីកម្ពុជានឹងត្រូវជួបណាហ្គាវើលក្នុងទីលានវាលស្មៅធម្មជាតិរបស់អគ្គិសនីវេលាម៉ោង៣និង០០នាទី។ខណៈអង្គរថាយហ្គ័រត្រូវត្រូវប៉ះក្រុមខ្លាំងវិសាខានៅពហុកីឡដ្ឋានជាតិវេលាម៉ោង៣និង៣០នាទីរសៀល។ ចុងក្រោយគេបំផុតសម្រាប់សប្ដាហ៍ទី២អគ្គស្នងការនគរបាលជាតិនឹងត្រូវតតាំងជាព្រះខ័នរាជស្វាយរៀងនៅពហុកីឡដ្ឋានជាតិវេលាម៉ោង៦និង៣០នាទីល្ងាច។
សូមបញ្ជាក់ផងដែរថា ការប្រកួតមួយចំនួនមានការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV News និងផេកហ្វេសបុករបស់ CNCC ផងដែរ៕
រូបភាព៖ CNCC, Metfone Cambodian League, ភ្នំពេញក្រោន