សិស្សគុនកីឡាហាប់គីដូ ចំនួន ១០នាក់ បានប្រឡង់ឡើងខ្សែក្រវាត់ គ្រប់ប្រភេតពណ៌ ខណៈកម្មវិធីនេះ រៀបចំឡើងដោយសហព័ន្ធកីឡាហាប់គីដូកម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក កាលពីម្សិលមិញ បន្ទាប់ដំណើរការហ្វឹកហាត់អស់រយៈពេលជាងច្រើនខែរួចមកនោះ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធកីឡាហាប់គីដូកម្ពុជា និងជាគ្រូបង្វឹកផងនោះមានប្រសាសន៍ថា ក្នុងចំណោមសិស្សគុនជាង១០នាក់ ដែលចូលរួមប្រឡងឡើងខ្សែក្រវាត់នេះ ត្រូវបានលោកពិនិត្យ និងវាយតម្លៃថា ពួកគេជាថ្នាលយុវជនមានកម្រិតបច្ចេកទេសល្អគួរសម ដោយចាត់ទុកថាល្អ ប្រមាណ៧០%លើផ្នែកបច្ចេកទេស និងសមត្ថភាព ក្នុងនោះមានប្រឡងយកខ្សែក្រវាត់ស, សឡើងសឆ្នូត, សឆ្នូតឡើងខ្សែក្រវាត់លឿង, ខៀវឡើងខៀវ ឆ្នូត, ត្នោតឡើងត្នោតឆ្នូត, ត្នោតត្រេ៣ឡើងត្នោតត្រេ៤ និងខ្មៅ១ដាន់ប្រឡងត្រៀម នៅវគ្គទី១ ហើយការប្រឡងនេះ នឹងចេញលទ្ធផលនៅថ្ងៃបន្ទាប់ ក្រោពេលដែលគណៈកម្មការបច្ចេកទេសត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ថាតើកីឡាករ កីឡាការិនីរូបណាមានសមត្ថភាពគ្រប់គ្រាន់អាចទទួលបានខ្សែក្រវាត់មួយណា ទើបសហព័ន្ធធ្វើពិធីប្រគល់ជូនតែម្តង។
អគ្គលេខាធិការរូបនេះអះអាងថា កាលពីមុនកីឡាករហាប់គីដូមិនទាន់មានកន្លែងហ្វឹកហាត់ល្អនោះឡើយ ប៉ុន្តែពេលនេះកីឡាករយើងមានកន្លែងហ្វឹកហាត់ត្រឹមត្រូវហើយ ដោយលោក ជា ប៊ុន ហេង ជាអ្នកអនុញ្ញាតឲ្យកីឡាករ កីឡាការិនីនានាអាចមកហ្វឹកហាត់នៅក្នុងពហុកីឡដ្ឋានជាតិនេះ ដោយកន្លែងត្រឹមត្រូវ មានកម្រាលសម្រាប់បម្រើការដល់ការហ្វឹកហាត់ជាដើម។ បន្ទាប់ពីមានកន្លែងហ្វឹកហាត់ល្អបែបនេះលោកជឿជាក់ថា សិស្សគុនរបស់លោកនឹងបានបង្កើនបច្ចេកទេសកាន់តែរឹងមាំ និងល្អប្រសើរបន្ថែមទៀត ដោយសារយើងមានកន្លែងហ្វឹកហាត់ត្រឹមត្រូវ និងអាចបន្តការហ្វឹកហាត់បានជាប្រចាំ មិនដូចកាលពីមុនយើងហាត់នៅទីវាល ពេលមានភ្លៀងខ្យល់ ឬអាកាសធាតុក្តៅនោះ យើងមិនហាត់បាននោះឡើយ៕