វីរបុរសក្រុម Arsenalលោក Paul Emerson បានធ្វើការវិភាគថា ក្រុម Barcelonaនិង Real Madrid ប្រាថ្នាមិនចង់ជួបក្រុមកំពុងឡើងជើងខ្លាំង Manchester City នោះទេ។
ក្នុងរដូវកាលនេះ Man Cityបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងលីគ ដោយបានយកឈ្នះលើក្រុមខ្លាំងៗជាច្រើន រហូតដាច់ពិន្ទុជិតនឹងលើកពានក្នុងពេលឆាប់ៗនេះ ចំណែកក្នុងពាន UEFA Champion League ពួកគេបានលេងឈ្នះ៥ប្រកួតនិងចាញ់តែមួយប៉ុណ្ណោះ។
ក្នុងការប្រកួតវគ្គ១៦ក្រុមថ្មីៗនេះ Man City បានលត់ Basel យ៉ាងចាស់ដៃ៤ទល់០ នៅក្រៅទឹកដី ធ្វើអោយពួកគេមានឱកាសឡើងទៅវគ្គបន្តកាន់តែច្រើន។ ដោយសារទម្រង់លេងល្អបែបនេះ លោកMerson យល់ថា ទម្រង់លេងរបស់ក្រុមរហ្សនាមមេឃខៀវនេះនឹងធ្វើឲ្យពួកគេក្លាយជាក្រុមមួយដ៏គ្រោះថ្នាក់ ហើយក្រុមធំៗទាំងឡាយនៅអឺរ៉ុប និង មានការខ្លាចរអាចំពោះពួកគេ។
“ខ្ញុំគិតថា ក្រុមដូចជា Barcelona,Real Madrid ឬ Bayern Munich សុទ្ធតែមានការភ័យខ្លាចក្នុងការប្រឈមមុខជាមួយMan City។ ជ័យជំនះ 4-0 នៅទឹកដី Baselពិតជាធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល វាហាក់ដូចជារឿងកំប្លែងសម្រាប់ Man City ដែលពួកគេបង្ហាញថ្វីជើងបានល្អបែបនេះ”។អតីតខ្សែប្រយុទ្ធអង់គ្លេសនិយាយក្នុងទូរទស្សន៍Sky Sport។
“ Barca, Real និងBayern នឹងមិនចង់ជួប Man City ក្នុងការប្រកួត២ជើងតាំងពីរវគ្គ១៦ក្រុមចុងក្រោយរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ថាបើចង់ជួបគឺឡើងទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ តែយ៉ាងណាពួកគេពិតជាមិនចង់ទេៗ”។
ក្នុងវគ្គនេះដែរ ក្រុម Liverpoolបានយកឈ្នះក្រុម Porto ៥ទល់និង០ ចំណែកក្រុម Tottenham Hotspur បានវាយបកតាមស្មើក្រុមខ្លាំងនៅអ៊ីតាលី Juventus ២ទល់២យ៉ាងគួរឲ្យភ្ញាក់ផ្អើល៕