ក្រុមក្រសួងសុខាភិបាលឈ្នះក្រុមក្រសួងពត៌មាន ប្រផិតប្រផើយ ក្នុងលទ្ធផល ១ទល់នឹង០ ទទួលបាន ៣ពិន្ទុបន្ថែម នៃវគ្គសន្សំពិន្ទុវិលជុំក្នុងពូល E កាលពីយប់មិញ នៅទីលាន Premium Sport Club ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្តើមពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន រដូវកាលទី៥ ប្រចាំឆ្នាំ២០១៧។
ជំនួបដ៏ស្វិតស្វាញរវាងក្រុមអតីតជើងឯកពីរ រដូវកាលជាក្រុមក្រសួងពត៌មាន ក្រុមក្រសួងសុខាភិបាល គ្រប់គ្រងបាល់បានច្រើន នឹងមានឱកាសស្វែងរកគ្រាប់បាល់ច្រើនលើកតែធ្វើមិនសម្រេច ខណៈក្រុមសួងពត៌មានប្រព័ន្ធការពារច្រើន មិនឲ្យគូប្រកួតទម្លុះសំណាញ់ទីរបស់ខ្លួនបានឡើយ ប៉ុន្តែនៅមុនបញ្ជប់តង់ទី១ កីឡាករក្រសួងពត៌មានបានភ្លាត់ស្នៀតចូលទីខ្លួន ធ្វើឲ្យក្រុមជើងឯកពីសម័យក្រសួងសុខាភិបាល នាំមុខ ១ទល់នឹង០។ ចូលដល់វគ្គទី២ ក្រុមទាំងពីរនៅតែបន្តការវាយសម្រុកយ៉ាងស្វិតស្វាញបំផុត ប៉ុន្តែក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានឡើយ ដោយរក្សាបានលទ្ធផល ១ទល់០ តាំងពីវគ្គទី១ដដែល។
២ប្រកួតរបស់ក្រុមក្រសួងសុខាភិបាល ឈ្នះទាំងពីរប្រកួតជាមួយនឹង៦ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន ក្នុងពូល E ខណៈ២ប្រកួតរបស់ក្រុមក្រសួងពត៌មាន ឈ្នះ១ប្រកួត និងចាញ់១ប្រកួត មាន៣ពិន្ទុ ឈរ នៅចំណាត់ថ្នាក់លេខ២ បណ្តោះអាសន្ន រីឯ២ក្រុមទៀត ក្នុងពូលនេះដែរ គឺក្រុមទីស្តីការគណៈរដ្ឋមន្ត្រី និងក្រុមក្រសួងផែនការ លេងបាន១ប្រកួតដូចគ្នា ចាញ់១ប្រកួតដូចគ្នា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ មិត្តភាពអន្តរក្រសួង-ស្ថាប័ន រដូវកាល ២០១៧នេះ មានក្រុមចូលរួមចំនួន៣០ ចែកចេញជា៧ពូល ក្រោមការរៀបចំពីសហភាពសហព័ន្ធយុវជនកម្ពុជាសហការបច្ចេកទេសពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយគ្រោងនឹងបញ្ចប់នៅពាកកណ្តាលខែធ្នូ ខាងមុខ៕