សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាស្តីពីការអភិវឌ្ឍការគ្រប់គ្រងការងារដ្ឋបាលកីឡាវាយកូនបាល់អាស៊ី ដោយបានចាប់កាលពីព្រឹកថ្ងៃទី១៦ និងគ្រោងបញ្ចប់ថ្ងៃទី១៨ ខែតុលា នៅសណ្ឋាគារ ដារ៉ា អ៊ែរផត នៅរាជធានីភ្នំពេញ។
លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមានប្រសាសន៍ថា យើងបានទទួលការសហការណ៍ពីសណ្ឋាគារ ដារ៉ា អ៊ែរផត និង ធនាគារ ABA ក៏បានចូលរួមផងដែរក្នុងនាមជាអ្នកឧបត្ថម្ភដល់កីឡាវាយកូនបាល់កម្ពុជា ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីជួយដល់ព្រឹត្តិការណ៍សិក្ខាសាលាស្តីពីការអភិវ ឌ្ឍការគ្រប់គ្រងការងារដ្ឋបាលកីឡាវាយកូនបាល់អាស៊ី ប្រចាំឆ្នាំ២០១៧នេះ។ លោកបន្ថែមថា យើងមានគណៈប្រតិភូ ដែលជាអ្នកគ្រប់គ្រង សម្រាប់សមាគមជាតិ និងសហព័ន្ធជាតិជាង៤០នាក់បានចូលរួម ក្នុងសិក្ខាសាលានេះ ដែលមកពី២៥ប្រទេស នៅទូទាំងទ្វីបអាស៊ី។
សិក្ខាសាលានេះមានគោលបំណង ដើម្បីពិភាក្សា និងបញ្ចប់ព្រឹត្តិការណ៍សំខាន់ៗ ដែលត្រូវរៀបចំនៅឆ្នាំ ២០១៨ និងចូលរួមជាមួយបណ្តាប្រទេស ដែលចូលរួមក្នុងដំណាក់កាលធ្វើផែនការ។ គោលដៅរួមគឺសម្រាប់ប្រទេសអាស៊ាន ដើម្បីធ្វើការរួមគ្នា ក្នុងការពង្រឹងការអភិវឌ្ឍកីឡាវាយកូនបាល់ក្នុងតំបន់ ក៏ដូចជាក្នុងទ្ធីបអាស៊ីទាំងមូលឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
វេទិកានេះត្រូវបានបង្កើតឡើង ដើម្បីបង្កើតការយល់ដឹងអំពីការផ្លាស់ប្តូរថ្មី និងជួយអប់រំដល់អ្នកគ្រប់គ្រងនៅក្នុងតំបន់ ប្រតិបតិ្តការនៃការធ្វើផែនការរៀបចំកម្មវិធីជាមួយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ និងសហព័ន្ធកីឡាវាយកូនបាល់អាស៊ី (ITF & ATF) យុវជន យុវនារី, កីឡាករ កីឡាការិនី ជើងខ្លាំងពិភពលោក Professional, Seniors និងព្រឹត្តិការណ៍ផ្សេងទៀត និងការប្រកួតផងដែរ៕