ទីលានប្រណាំងម៉ូតូស្ដង់ដារអន្ដរជាតិ King Tack Circuit ចំណាយថវិកាសាងសង់អស់ជិត ៤លាន លើផ្ទៃដី ២ហិតា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅសង្ការឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៧ កន្លងទៅនេះ ។
ពិធីសម្ពោធនេះដែលក៏មានការចូលរូមពីសំណាក់ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជា និងមានការរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូលក្ខណៈមិត្តភាព ដើម្បីអបអរសាទរទីលានថ្មី ដោយមានការចូលរួមពីកីឡាករ ១២០នាក់ផងដែរ ។
អ្នករៀបចំកម្មវិធីប្រណាំងម៉ូតូនេះ លោក គង់ ធារ៉ា បានឲ្យដឹងថា ទីលានប្រណាំងនេះបានសាងសង់រតាំងពីខែឧសភា និងបញ្ចប់នៅពាក់កណ្ដាលខែមិថុនាកន្លងទៅ និងចំណាយទឹកកប្រាក់ជិត ៤លានដុល្លារ ។ ដោយគម្រោងមួយនេះ មិនទាន់បញ្ចប់ជាស្ថាពរនៅឡើយទេ ខណៈដែលម្ចាស់ទីលានមានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ រួមទាំងទីលានហ្វឹកហាត់មួយចំនួន រហូតដល់ផ្ទៃដី ៦ហិតានាពេលអនាគតបន្ថែមទៀត ។
អ្នករៀបចំរូបនេះបានបន្តទៀថា ទីលានបង្កើតឡើងដោយវិនិយោគិនក្នុងស្រុកនេះ ដោយមិនត្រឹមតែបើកទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូ ឬការជិះកម្សាន្ដប៉ុណ្ណោះទេ គឺ មានទទួលការបង្ហាត់បង្រៀន និងបណ្ដុះបណ្ដាលថ្នាលយុវជន ដល់អ្នកដែលចង់ក្លាយជាកីឡាករ-កីឡាការិនីប្រណាំងម៉ូតូមានជំនាញ់ច្បាស់ លាស់ ដែលនេះជាការរួមលើកស្ទួយវិស័យកីឡាយានយន្ដកម្ពុជា និងបំផុសស្មារតីយុវជនឲ្យចូលរួមលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។
លោក មៀច សុផាន់ណា ថ្លែងក្នុងឱកាសដាក់សម្ភោធន៍ទីលានលំដាប់អន្តរជាតិនេះ មានប្រសាសន៍ថា បន្ទាប់កើតមានទីលាន King Tack Circuit នៅសង្កាត់ឃ្មួញនេះ លោករំពឹងថា នឹងរួមចំណែកភាពអសកម្មមួយចំនួនតូច ពិសេសគឺក្មេងៗ ដែលនិយមបង្ហោះម៉ូតូតាមផ្លូវ បែរជាមកហ្វឹកហាត់ជំនាញត្រឹមត្រូវលើទីលាន ដើម្បីឈានទៅរកការប្រកួតដោយស្របច្បាស់ និងទទួលបានការគាំទ្រដោយសហព័ន្ធយាន្តផងដែរ ។ ក្នុងមនាមលោកជាប្រធានសព័ន្ធយានយន្តកម្ពុជា លោកសូមឲ្យយុវជនទាំងអស់ ត្រូវយកពេលទំនេរពីការសិក្សា និងជួយការងារឱពុកម្ដាយ មកចូលរួមលេងកីឡា ដើម្បីសុខភាព និងជួយដល់សង្គមជាតិ ៕