វិរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បា្រប់ Anchakkeila ពេលហ្វឹកហាត់កាលថ្ងៃទី១៩ ខែកក្តដា ម្សិលមិញនេះថា សម្រាប់រូបនាងផ្ទាល់មានជំនឿចិត្តខ្ពស់ដណ្តើមមេដាយមកជួនប្រទេសកម្ពុជា នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដោយកន្លងមកធ្លាប់ឈ្នះមេដាយ ២គ្រឿងរួចមកហើយ ពីស៊ីហ្គេមនេះ ។
វិរកីឡាការិនីឆ្នើមរបស់កម្ពុជា ប្រាប់ឲ្យដឹងទៀតថា នាងធ្លាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមនេះ ចំនួន ២លើកមកហើយ ដោយលើកទី១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១១ ឈ្នះមេដាយសំរឹទ្ធ លើកទី២ នៅប្រទេសមីយ៉ាន់ម៉ា កាលឆ្នាំ២០១៣ ឈ្នះមេដាយមាស សម្រាប់ស៊ីហ្គេម នៅប្រទេសសឹង្ហបុរី នាងមិនចូលរួមទេ ដោយពុំមានវិញ្ញាសាប្រកួតសម្រាប់ខ្លួនឡើយ។ សម្រាប់ឆ្នាំនេះ នាងបានត្រៀមលក្ខណៈរួចរាល់ហើយ និងកំពុងហ្វឹកហាត់ខ្លាំងបង្កើតសមត្ថភាព ទាំងបច្ចេកទេស និងផ្នែកកម្លាំងរៀងរាល់ថ្ងៃជាលោកគ្រូ ឆ៊យ យ៉ុងសុក និងមិត្តរូមក្រុម ដើម្បីឈានទៅដណ្តើមមេដាយពីការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ីខែក្រោយនេះ។
ម្ទាស់មេដាយមាសអាស៊ានហ្គេម បន្ថែមថា “តាមរយៈការប្រកួត WTF World Taekwando Championship 2017 និង Korean Open នៅប្រទេស កូរ៉េ ខាងត្បួងកាលពីពេលថ្មីៗ នេះ គឺទទួលបទពិសោធន៍ជាច្រើន ព្រោះស្ទាយ និងការវាយក្នុងការប្រកួតអន្តរជាតិទំាងពីរនេះ គឺមានការផ្លាស់ប្តូរច្រើន ខុសពីការប្រកួតផ្សេងៗ កន្លងមកខ្ញ៉ុំធ្លាប់ប្រកួត ដូច្នេះបើខ្ញុំមិនបានទៅចូលរួមទេ គឺមិនបានដឹងពីបច្ចេកទេសថ្មីៗ ទាំងអស់នេះឡើយ”។
សៀវម៉ី ចាត់ទុកថាស៊ីហ្គេមឆ្នាំនេះ ជាស៊ីហ្គេមថ្មីរបស់ខ្លួន ដែលលេងលើវិញ្ញសា ក្រោម ៧៣គីឡូក្រាម ហើយក៏បានដឹងពីបេក្ខភាពកីឡការិនី ដែលត្រូវជួបប្រកួតជាមួយខ្លះៗ ដែរ មានកីឡាការិនីមកពីប្រទេសវៀតណាម, ហ្វីលីពីន និងម្ចាស់ផ្ទះម៉ាឡេស៊ី គឺជាឧបស័ក្កធំរបស់ខ្លួន ក្នុងការប្រជែងមេដាយ៕