ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងត្រូវប្រកួតលក្ខណៈផ្លូវការជាក្រុមវៀតណាម នៅជើងទី២ នៃព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាស៊ី វគ្គជម្រុះ ក្នុងពូលC នៅថ្ងៃទី១០ ខែតុលា ខណៈមុនការប្រកួតមកដល់ កម្ពុជាត្រូវប្រកួតមិត្តភាពកម្តៅសាច់ជាមួយក្រុមឥណ្ឌូនេស៊ី នាថ្ងៃទី០៤ ខែតុលា ស្អែកនេះ ដោយលោក Leonardo Victorino គ្រូបង្វឹកជម្រើសរើសជាតិកីឡាបាល់ទាត់កម្ពុជា បានដឹកនាំកូនក្រុមរបស់ខ្លួន ទៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០២ ខែតុលា ម្សិលនេះផងដែរ។
លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា មុនចេញទៅឥណ្ឌូណេស៊ី ក្រុមជម្រើសជាតិកម្ពុជាបានប្រមូលផ្តុំហ្វឹកហាត់ កាលពីចុងសប្តាហ៍កន្លងទៅ និងទៅបន្តការប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយឥណ្ឌូណេស៊ី ដើម្បីបង្កើនបច្ចេកទេស និងសមត្ថភាពដល់កូនក្រុមរបស់ខ្លួន ត្រៀមខ្លួនឲ្យបានកាន់តែប្រសើរសម្រាប់ជំនួបជាមួយជម្រើសជាតិវៀតណាម ជើងទី២ វគ្គជម្រុះ ក្នុងពូលC នៃព្រឹត្តិការណ៍ពានរង្វាន់ AFC Asian Cup ដែលជុំផ្តាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅប្រទេសអារ៉ាប់រួម នាឆ្នាំ២០១៩ ខាងមុខ។ លោកបន្ថែមថា សម្រាប់២ប្រកួត មិត្តភាពជាមួយឥណ្ឌូណេស៊ី និងការប្រកួតវគ្គជម្រុះជាមួយវៀតណាម នឹងមិនមានប្រធានក្រុមក្លឹបព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ មុន្នីឧត្តម ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជានោះឡើយ ដោយគ្រូបង្គោលរូបនេះអះអាងថា ប្រាក់ មុន្នីឧត្តម ត្រូវកាត់ឈ្មោះចេញពីបញ្ជីទៅហើយ ព្រោះគេមានធុរៈរឿងគ្រួសាររបស់ខ្លួន ដូច្នេះខ្សែបម្រើ-ប្រយុទ្ធរូបនេះនឹងមិនបានទៅលេងជាមួយឥណ្ឌូនេស៊ី និងប្រកួតផ្លូវការជាមួយ វៀតណាមឡើយ។ ចំពោះកីឡាករខ្សែប្រយុទ្ធរបស់កម្ពុជា ចាន់ វឌ្ឍនាកា ដែលប្រកបអាជីព នៅក្លឹបបាល់ទាត់ Fujida MYFC ក្នុងក្របខ័ណ្ឌលីគលំដាប់ទី៣ នៅប្រទេសជប៉ុន បានវិលត្រឡប់មកវិញ កាលពីពេលថ្មីៗនេះ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ ពោលគឺនឹងបង្ហាញវត្តមានក្នុងជំនួបទាំងពីរនេះផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះ នៅថ្ងៃទី០៤ ខែតុលាហើយនោះ ក្រុមគោព្រៃកម្ពុជានឹងត្រូវធ្វើដំណើរទៅវៀតណាមតែម្ដង ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC ជើងទី២ ជាមួយក្រុមជម្រើសជាតិ វៀតណាម នៅថ្ងៃទី១០ ខែតុលាខាងមុខ នៅលើទឹកដីទីក្រុងហាណូយ ប្រទេសវៀតណាម ដោយកាលពីជើទី១ ម្ចាស់ផ្ទះកម្ពុជា ប្រកួតចាញ់ក្រុមវៀតណាម ដោយលទ្ធផល ១ទល់២៕