ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩ នាចុងខែសីហានេះ ការប្រកូតជាពហុកីឡា និងមានសមាភាពច្រើន នោះត្រូវរៀបចំផែនការ និងផ្តល់ពត៌មានឲ្យបានច្បាស់លាស់ ពីគ្នាវិញទៅមក។ នេះបើតាមឲ្យដឹងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងវគ្គសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៌ របស់គ្រូបង្វឹក គ្រូជំនួយកីឡាករ កីឡាការិនីជម្រើសរើសជាតិ ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី កាលពីព្រឹកមិញនេះ ។
អគ្គលេខាធិការ NOCC បន្ថែមថា តាមរយៈសិក្ខាសាលានេះ គឺជាការបណ្តុះបណ្តាល ក៏ដូចជាការផ្តល់ពត៌មានទៅឲ្យប្រតិភូ អត្តពលិក គ្រូបង្វឹកទាំងអស់ ឲ្យយល់ជ្រៀបពីគ្នា ចេះធ្វើការជាមួយគ្នា និងទំនាក់ទំនងគ្នាឲ្យបានល្អប្រសើ។ ពីព្រោះការប្រកួតពហុកីឡា មានប្រភេទកីឡាច្រើនចូលរួម ដូច្នេះការរៀបចំដែលមានមនុស្សច្រើនចូលរួមបែបនេះ គឺត្រូវការផែនការច្បាស់លាស់ ពត៌មានច្បាស់លាស់ សហការគ្នាឲ្យបានរលូន ទើបអាចជៀសវាងបញ្ហាផ្សេងៗ ដែលកើតឡើងក្នុងពេលធ្វើដំណើរ ក្នុងពេលប្រកួត ឲ្យជ្រៀបទៅដល់សមាជិកប្រតិភូទំាងអស់ដែលត្រូវចូលរួម។ លោកបន្ថែមថា ការធ្វើសិក្ខាសាលាមុនចូលរួមប្រកួតស៊ីហ្គេម លើកទី២៩ នេះ គឺជាចំណុចសំខាន់មួយដែលធ្វើឲ្យអ្នកចូលរួមទាំងអស់មានអារម្មណ៍កក់ក្តៅ ទទួលបានពត៌មានពិតប្រាកដ ដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើ។ ដូច្នេះក្រៅពីពត៌មានបច្ចេកទេស គឺយើងនៅមានការពិនិត្យមើល និងជំរុញផ្នែកបច្ចេកទេស ដូចជាការចូលរួមប្រកួត ដឹងពីសមាសភាពដៃគូប្រកួត ព្រមទាំងដឹងថាត្រូវប៉ះជាមួយប្រទេសណា ដើម្បីឲ្យអត្តពលិក ជាពិសេសគ្រូបង្វឹកទាំងអស់ ពង្រឹងអត្តពលិករបស់ខ្លួនឲ្យបានល្អ សម្រាប់ការប្រកួតនេះ។ លោកបញ្ជាក់បន្ថែមថា នេះជាដំណាក់កាលប្រកួត ដោយត្រូវធ្វើសាកល្បងប្រកួតឲ្យបានច្រើនកាត់បន្ថយនូវការហ្វឹកហាត់កម្លាំងកាយ ហើយថាមពលម្លាំងកាយនេះត្រូវកាត់បន្ថយ និងបង្កើនការហ្វឹកហាត់ផ្នែកកម្លាំងកាយ ជាមួយបច្ចេទេសពិសេសយកទៅប្រើប្រាស់ក្នុងពេលប្រកួត។
សម្រាប់ការៀបចំបែបនេះ ធ្វើឲ្យផែនការបច្ចេកទេសហ្វឹកហាត់ឆ្ពោះទៅរកបច្ចេកទេសនិង យុទ្ធសាស្ត្រពិសេសៗ ដែលការប្រមូលផ្តុំសម្រាប់ការប្រកួតឲ្យសុក្រិតភាព និងសាកល្បងការប្រកួតនោះឲ្យបានច្រើន ប៉ុន្តែជៀសវាងការប្រថុយនឹងគ្រោះថ្នាក់ ដែលធ្វើឲ្យប៉ះដល់បញ្ហាសុខភាព ។ ទាំងអស់នេះហើយ សុទ្ធតែជាវិធានការក្នុងវគ្គបណ្តុះបណ្តាល រយៈពេល ១ថ្ងៃកន្លះនេះ ឲ្យទទួលបាននូវគុណភាពល្អ លទ្ធផលល្អ សម្រាប់កីឡាករ កីឡាការិនីកម្ពុជាយើងមុនចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ពីថ្ងៃទី១៩ ដល់ខែថ្ងៃទី៣១ ខែសីហា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕