ក្រសួងអប់រំ យុវជន និងកីឡាបានបើកកិច្ចប្រជុំស្តីពីការណែនាំបទបញ្ជារួម និងបទបញ្ជាបច្ចេកទេស សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងប្រទេស និងផ្សព្វ ផ្សាយប្រកាសអន្តរក្រសួង ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ នៅពហុកីឡដ្ឋានជាតិ។
ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំណែនាំ និងផ្សព្វផ្សាយនេះធ្វើឡើងរយៈពេលពីរថ្ងៃ ដោយមានសមាសភាពចូលរួមពីមន្ត្រី និងប្រតិភូកីឡាមកពី២៥រាជធានី-ខេត្ត ទូទាំងប្រទេស រួមទាំងអគ្គលេខាធិការមកពីសហព័ន្ធកីឡាលើ៦ប្រភេទកីឡា។ ឯកឧត្តមជឿជាក់ថា មន្ត្រីប្រតិភូទូទាំងប្រទេស និងសហព័ន្ធកីឡាជាតិទាំង៦ជាអ្នកទទួលខុសត្រូវ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ឆ្ពោះទៅរកការប្រកួតកីឡាសិស្សមធ្យមសិក្សា ប្រចាំឆ្នាំ២០១៦-២០១៧ ឲ្យបានដំណើរការល្អ និងទទួលបានជោគជ័យ។ ឯកឧត្តមបន្ថែមថា មុនពេលព្រឹត្តិការណ៍ប្រកួតចូលមកដល់ យើងនឹងបង្កើតការជួបជុំពិភាក្សាគ្នាបែបនេះជារៀងរាល់ពេល ដើម្បីបានផ្លាស់ប្តូរយោបល់ ពិភាក្សាគ្នា ដើម្បីធ្វើឲ្យការប្រកួតកីឡាថ្នាក់ជាតិទទួលបានផ្លែផ្កាល្អ។
តំណាងក្រសួងអប់រំរូបនេះបានបញ្ជាក់ថា ដើម្បីជំរុញវិស័យអប់រំកាយ និងកីឡាឲ្យមានការអភិវឌ្ឍជាមួយនឹងការកំណែទម្រង់ថ្មី ដូចជាព្រឹត្តិការណ៍កីឡាជាតិ លើកទី១ កាលពីពេលកន្លងទៅនោះយើងទទួលបាននូវភាពល្អ ប្រសើរ ហើយឯកឧត្តមរំពឹងកីឡាជាតិលើកទី២ នាឆ្នាំ២០១៨ ខាងមុខ, ក្រសួងអប់រំ យុវជន និងកីឡានឹងខិតខំធ្វើឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងគោលដៅឈានទៅរកការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ជាមួយគ្នានេះក៏យើងនឹងត្រូវធ្វើកំណែទម្រង់ក្នុងក្របខ័ណ្ឌកីឡាសិស្សនិស្សិត ផងដែរ ដើម្បីឲ្យកាន់តែប្រសើរឡើង សម្រាប់ការប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិ នាពេលខាងមុខ៕