កីឡាករ​ជនជាតិ​​រ៉្វាន់ដា Atuheire Kipson របស់​ណាហ្គាវើល កំពុង​បន្ត​​ឈរ​​កំពូល​តារាង​ក្នុង​បញ្ជី​កីឡាករ​ដែល​ទាត់​បញ្ជូល​ទី​បាន​ច្រើន​ជាង​គេ​ គិត​ត្រឹម​​​សប្ដាហ៍​ទី១៣ ​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា (Metfone Cambodian League 2017) ក្រោយ​រក​បាន​គ្រាប​បាល់​១៥ គ្រាប់ ច្រើន​ជាង​កីឡាករ​ដទៃ។

គ្រាប់​បាល់​ទាំង​១៥​គ្រាប់​របស់ Kipson បាន​ទាត់​បញ្ជូល​ទី​ក្រុម​អគ្គីសនីកម្ពុជា ៤គ្រាប់​អាស៊ីអឺរ៉ុប ២គ្រាប់ ព្រះខ័នរាជស្វាយរៀង ២គ្រាប់ ហើយ​ទាត់​ចូលទី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ១គ្រាប់ ស៊ីម៉ាក់១គ្រាប់ ក្រសួងការពារជាតិ១គ្រាប់ វេស្ទើនភ្នំពេញ១គ្រាប់ ​បឹងកេត ១គ្រាប់​និង​​គីរីវង់សុខសែនជ័យ​២គ្រាប់។

ឆ្លងកាត់១៣​សប្ដាហ៍​មក​នេះ​ក្រុម​ទាំង១២ បាន​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​ចំនួន​២៩៣​គ្រាប់ ហើយ​ក្រៅ​ពី​កីឡាករ​ Kipson ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ក៏​មាន​កីឡាករ​មួយ​ចំនួន​ប្រដេញ​តាម​ពី​ក្រោយ​ដែរ​ដូចជាកីឡាករ​ជនជាតិ​កូរ៉េខាងជើង Choe Myong Ho របស់​ក្រសួងការពារជាតិ រក​បាន១៣គ្រាប់ កីឡាករ​ជនជាតិ​ហ្គាណា Michael Osei Tutu របស់​ស៊ីម៉ាក់ រក​បាន​១២​គ្រាប់ កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា Bisan Goerge របស់​អាស៊ីអឺរ៉ុប បច្ចុប្បន្ន​ចូលរួម​ជាមួយព្រះខ័នរាជស្វាយរៀង រក​បាន​១០​គ្រាប់ កីឡាករ​អាហ្វ្រិកខាងត្បូង Booysen Shane របស់​ភ្នំពេញក្រោន ​​កីឡាករ​ជនជាតិ​ប្រេស៊ីល Maycon Calijuri របស់​បឹងកេត រក​បាន​​ម្នាក់​៩គ្រាប់​ កីឡាករ កែវ សុខផេង របស់​ភ្នំពេញក្រោន កីឡាករ Chigozie Nwaokorie របស់​ព្រះខ័នរាជស្វាយរៀង និង​កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា Dzama Bata របស់​ខេមបូឌានថាយហ្គឺរ​ (ចូលរួម​ជាមួយ​អាស៊ីអឺរ៉ុប) រក​បាន​៨​គ្រាប់ រៀងៗខ្លួន ហើយ​​កីឡាករ​ជនជាតិ​នីហ្សេរីយ៉ា Baldwin Ngwa របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​​រក​បាន​៧គ្រាប់ និង​​ក្រៅ​ពី​នោះ​សុទ្ធ​​តែ​ជា​អ្នក​​រក​គ្រាប់​បាល់​បាន​​​ម្នាក់៦ គ្រាប់ចុះក្រោម។

តាម​គម្រោង​​ក្រោយ​បញ្ចប់​រដូវកាល​ឆ្នាំ​២០១៧ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (ឬហៅ​ថា​ស្បែកជើងមាស) ព្រម​ទាំង​ថវិការ​លើក​ទឹកចិត្ត​ចំនួន​១.៥០០,០០០៛ ខណៈ​កីឡាករ ចាន់ វឌ្ឍនាកា ជា​ម្ចាស់​ពាន​រង្វាន់​នេះ​កាល​​ពី​ឆ្នាំ​មុន ក្រោយ​រក​បាន​២២​គ្រាប់​ម្នាក់​ឯង៕