ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី វិញ្ញាសាបាល់ទាត់បានចាប់ផ្តើមប្រកួតមុនគេ ក្នុងចំណោមវិញ្ញាសាទាំងអស់នៃការប្រកួតកីឡាថ្នាក់តំបន់អាស៊ាននេះ ដោយការប្រកួតថ្ងៃទី២ ក្នុងពូល B នៃជំនួបដំបូង មាន៣ប្រកួត កម្ពុជាប្រកួតចាញ់ក្រុមហ្វីលីពីន ២ទល់នឹង០ ខណៈកម្ពុជាធ្លាប់ប្រកួតឈ្នះក្រុមហ្វីលីពីតចំនួន ២លើកមកហើយ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៨ ឆ្នាំ២០១៥ នៅប្រទេសសឹង្ហបុរី ដោយលទ្ធផល ៣ទល់នឹង ១ និងប្រកួតពានរង្វាន់ AFC U-23 Championships 2018 វគ្គជម្រុះ កាលពីថ្ងៃទី២៣ កក្តដា កន្លងទៅនេះ ដោយលទ្ធផល ១ទល់០ នៅពហុកីឡដ្ឋានជាតិ ។
សម្រាប់ជំនួបដំបូងរវាងក្រុមទាំងពីរនេះដែលទើបនិងបញ្ចប់មុននេះបន្តិច លោក Leonardo Luis គ្រូបង្វឹកជម្រើសជាតិកម្ពុជា ធ្លាប់បានរំពឹងទុកថាក្រុមកម្ពុជា និងស្វែងរកលទ្ធផលល្អមួយ ពីក្រុមដែលកម្ពុជាទើបតែឈ្នះនាពេលថ្មីៗ នេះ ខណៈដែលកម្ពុជាបានបង្កើនការហ្វឹកហាត់រៀបចំលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងស្រុក និងបន្តទៅហ្វឹកហាត់លើទឹកដី នៃប្រទេសម៉ាស៊ីបន្ថែម ពីរ បីថ្ងៃមុនការប្រកួតមកដល់នោះ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយកម្ពុជាបានប្រកួតចាញ់វិញ ខណៈក្តីរំពឹងរបស់កម្ពុជាសង្ឃឹមខ្ពស់នឹងអាចទទួល ពិន្ទុល្អមួយក្នុងជំនួបវគ្គជម្រុះដំបូង ដែលមាន ៥ប្រកួតនេះផងដែរ។
សម្រាប់លទ្ធផលនៅក្នុងពូល B ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី វគ្គជម្រុះ មាន ៣ប្រកួតនេះដែរ ក្រុមកម្ពុជាប្រកួតចាញ់ហ្វីលីពីន ដោយលទ្ធផល ២ទល់នឹង០ ក្រុមវៀតណាមប្រកួតឈ្នះក្រុមទីម័រឡេស ដោយលទ្ធផល ៤ទល់នឹង០ និងក្រុមឥណ្ឌូនេស៊ី ប្រកួតស្មើជាមួយក្រុមថៃ ដោយលទ្ធផល ១ទលនឹង១ ។ ចំពោះចំណាត់ថ្នាក់នៅក្នុងពូលB នេះដែរ ក្រុមវៀតណាមឈរនៅចំណាត់ថ្នាក់លេ១ បណ្តោះអាស័ន្នមាន ៣ពិន្ទុ ក្រុមហ្វីលីពីន ចំណាត់ថ្នាក់លេខ២ មាន ៣ពិន្ទុ ក្រុមថៃ និងក្រុមឥណ្ឌេស៊ី មានម្មាក់ ១ពិន្ទុ ក្រុមកម្ពុជាឈរចំណាត់ថ្នាក់លេខ៥ មាន០ពិន្ទុ និងក្រុមទីម័រឡេស ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ មាន ០ពិន្ទុដូចគ្នា។
សូមបញ្ជាក់ថា ក្រុមកម្ពុជានៅសល់ ៤ប្រកួតទៀត ដោយក្នុងនោះត្រូវប៉ះជាមួយក្រុមខ្លាំងៗ ដូចជាក្រុមវៀតណាម នៅថ្ងៃទី១៧ ខែសីហា វេលាម៉ោង ៣រសៀល និងក្រុមថៃ នៅថ្ងៃទី២០ ខែសីហា វេលា ម៉ោង ៧:៤៥នាទីយប់ ក្រុមទីម័រឡេស នៅថ្ងៃទី២២ ខែសីហា វេលាម៉ោង ៧:៤៥នាទីយប់ និងការប្រកួតជាចុងក្រោយត្រូវប៉ះជាមួយក្រុមខ្លាំងឥណ្ឌូនេស៊ី៕