ទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ ត្រូវបានក្រុមហ៊ុនខេមប្រ៊ូ ប្រគល់ជួនដល់ម្ចាស់មេដាយ មាស ប្រាក់ និងសំរឹទ្ធទាំង ៧វិញ្ញាសា ដែលដណ្តើមបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក ទី២៩ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៤ ខែកញ្ញា ម្សិលមិញ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការប្រគល់ប្រាក់រង្វាន់លើកទឺកចិត្តនាពេលនេះ គឺដូចជាការសន្យារបស់ក្រុមហ៊ុន ជាមួយអត្តពលិកទាំងអស់មុនចេញចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ប្រសិនបើដណ្តើមមេដាយ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុន។ លោកបន្ថែមថា នេះបញ្ជាក់ពីការខិតខំរបស់ក្រុមហ៊ុន ខេប៊្រូ ដែលតែងតែគិតគូជួយដល់កីឡាជាតិ ក៏ដូចជាអត្តពលិកស៊ីហ្គេមនាពេលនេះ ហើយវាគឺគំរូមួយដ៏ល្អ ក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡការិនី ក្រោយៗ ទៀត ដើម្បីឲ្យអត្តពលិកថ្នាលទាំងអស់បន្តខិតខំប្រឹងប្រែង ដើម្បីទទួលបានការលើកទឹកចិត្តជាបន្តបន្ទាប់ផងដែរ។
លោក អ៊ុង គីកុង នាយកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន កម្ពុជាខេមប្រ៊ូវ មានប្រសាសន៍ថា ប្រជាជនកម្ពុជាទាំងអស់ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះគ្រប់អត្តពលិក ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកនេះ ដោយឈ្នះមេដាយសរុបចំនួន១៧គ្រឿង ហើយយើងពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាអ្នកគាំទ្រដ៏ស្វិតស្វាញរបស់ពួកគាត់។ លោកបន្ថែមថា ជាផ្នែកមួយនៃកិច្ចសហការគ្នាជា មួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ក្រុមហ៊ុនបានផ្តល់ជូនប្រាក់រង្វាន់លើកទឹកចិត្តជាទឹប្រាក់ មេដាយមាស ៦ពាន់ដុល្លារ, មេដាយប្រាក់ ៣ពាន់ដុល្លារ និងសំរិទ្ធ ១ពាន់ដុល្លារអាមេរិក សម្រាប់វិញ្ញាសាឯកត្តជន។ ចំណែកឯអត្តពលិកឈ្នះមេដាយជាក្រុម ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់មេដាយមាស ចំនួន៨ពាន់ដុល្លារ, មេដាយប្រាក់ ៥ពាន់ដុល្លារ និងមេដាយសំរិទ្ធ ៣ពាន់ដុល្លារ៕