ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នកឈ្នះមេដាយមាស គឺការចែករំលែកដ៏ត្រឹមត្រូវមួយ ទាំងផ្នែកបច្ចេកទេស និងផ្នែកចិត្តសាស្រ្តកីឡា ធ្វើឲ្យអត្តពលិកកាន់តែរីកចម្រើន។ នេះបើតាមឲ្យដឹងពី លោក វ៉ាត់ ចំរើន​ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅពិធីប្រគល់ប្រាក់រង្វាន់របស់ក្រុមហ៊ុន Naga World ដល់អ្នកឈ្នះមេដាយមាស ពីស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នៅផ្សារទំនើបក្រោយដី Naga World។

អគ្គលេខាធិការ Nocc  បន្ថែមថា ប្រសិនបើមានក្រុមហ៊ុនផ្សេងៗ​ ដូចជាក្រុមហ៊ុន Naga World ជាដៃគូរបស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជានេះ ដែលតែងតែផ្តល់ នូវប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នកឈ្នះមេដាយមាស ពីប្រកួត អូឡាំពិកហ្គេម អាស៊ានហ្គេម និងស៊ីហ្គេម គឺធ្វើឲ្យអត្តពលិកខិតខំហ្វឹកហាត់ ដើម្បីប្រកួតឆ្ពោះទៅរកដណ្តើមមេដាយបានច្រើនជាមិនខាន។

លោកបន្ថែមទៀតថា សម្រាប់ការដាក់ទិសដៅរកមេដាយមាសឲ្យបានច្រើននេះ គឺជាទិសដៅមួយកំពុងតែដាក់ក្នុងកម្រិតរបស់កម្ពុជាយើង ព្រោះកន្លងយើងកំណត់យកត្រឹមតែមេដាយទេ  ប៉ុន្តែពេលនេះ គឺបានដាក់គោលដៅចុងក្រោយ គឺមេដាយមាស ដូច្នេះកីឡាករ កីឡាការិនី ម្មាក់ៗ ត្រូវខិតខំហ្វឹកហាត់ប្រកួតដណ្តើមមេដាយមាស។ លោកក៏បានអំពាវនាវ ដល់បណ្តាក្រុមហ៊ុន​ វិស័យឯកជន ដ៏ទៃទៀត សូមចូលរួមលើកទឹកចិត្តដល់អត្តពលិកកម្ពុជា ដូចក្រុមហ៊ុន Naga World នេះ។

សូមបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ក្រុមហ៊ុន Naga World ប្រគល់ឲ្យអត្តពលិកអ្នមេដាយមាស លើវិញ្ញាសានេះ រួម កីឡាការិនី កែ ឡេង និងអ៊ុក ស្រីមុំ ឈ្នះមេដាយមាស លើវិញ្ញាសាវាយគូនារី ទទួលបាន ៥ពាន់ដុល្លារ, កីឡាករ ឃីម ឌីម៉ា ប្រដាល់គុនខ្មែរ ទទួលបាន ៣ពាន់ដុល្លារ និងវីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ទទួលបាន ៣ពាន់ដុល្លារផងដែរ។ ចំណែកឯក គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា​ ក៏ទទូលបានប្រាក់រង្វាន់ ៥០០ដុល្លារ ក្នុងមេដាយមាស ១គ្រឿងៗ សរុប ១៥០០ដុល្លារ៕