លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ ក្នុងសន្និសីទការប្រកួតបាល់ទាត់ Futsal ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ កាលពីថ្ងៃទី១០ ខែកក្តដា ម្សិលមិញថា ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ថ្នាក់ជាតិនេះ គឺជាគំរូមួយសម្រាប់សហព័ន្ធរៀបចំព្រឹត្តិកាណ៍ Futsal League នៅឆ្នាំ២០១៨ ដែលនេះគឺជាយុទ្ធសាស្រ្តរបស់សហព័ន្ធ ហើយសម្រាប់លីគ Futsal ច្បាស់ណាស់គឺត្រូវការកីឡាករច្រើន នឹងមានកំណត់អាយុឲ្យចូលលេង។
ប្រធានសហព័ន្ធ ក៏បានបន្ថែមថា គោលបំណងនៃការរៀបចំការប្រកួត Futsal League គឺមានគោលបំណង់ចង់បំផុសយុវជន ឲ្យចូលរួមលេងកីឡាបាល់ទាត់ដែលជាយុទ្ធសាស្ត្ររបស់សហព័ន្ធ សម្រាប់ត្រៀមការព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កំពុងអនុវត្តគំរោងយុទ្ធសាស្រ្តអភិវឌ្ឍសាលាបាល់ទាត់ជាតិទាំង ២៥ ខេត្ត រាជធានី ។ លោក សង្ឃឹមថាសាលាបាល់ទាំងនេះ ប្រាកដជាអភិវឌ្ឍវិស័យបាល់ទាត់ Futsal នៅតាមបណ្តាខេត្តរបស់ខ្លួន នីមួយៗ ។
លោកបញ្ជាក់ថា សម្រាប់ ៦ឆ្នាំមុខនេះ ដើម្បីអភិវឌ្ឍកីឡាបាល់ទាត់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធ នឹងជ្រើសរើសកីឡាករអាយុក្រោម ១២ឆ្នាំ ត្រៀមខ្លួនការប្រកួតបាល់ទាត់អាយុក្រោម ២៣ឆ្នាំ នៅក្នុងការប្រកួតដ៏ធំថ្នាក់តំបន់នេះ។ ហើយលោកក៏សូមឲ្យមហាជនទាំងអស់ចូលរួមគាំទ្រ លើកទឹកចិត្ត ក្រុមកីឡាបាល់ទាត់កម្ពុជាយើង ហើយកីឡា Futsal គឺជាថ្នាលដ៏សំខាន់សម្រាប់យើងជ្រើសរើសកីឡាករជម្រើសជាតិ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Futsal ថ្នាក់ជាតិនេះ ចែកជា ២ដំណាក់កាល គឺដំណាក់កាលដំបូង ក្រុមទាំង២០ត្រូវបានចែកចេញជា៤ពូល។ ចំណែកដំណាក់កាលទី២វិញ គឺក្រុមលេខ១ និងលេខ២ តាមពូលនីមួយៗ នឹងត្រូវឡើងទៅស្វ័យប្រវត្តិសរុបចំនួន៨ក្រុម ហើយ២ក្រុមទៀត នឹងត្រូវជ្រើសរើសចេញពីក្រុមលេខ៣ ក្នុងពូលទាំង៤ ដែលមានចំណាត់ថ្នាក់ល្អជាងគេ៕