ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ នៅក្នុងវិមានកីឡដ្ឋានជាតិ បានបញ្ចប់ដោយជោគជ័យហើយ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញ បន្ទាប់ពីសម្រាំងបានម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់រួចរាល់ហើយនោះ ដោយក្លឹបក្រសួងមហាផ្ទៃបានឈ្នះមេដាយមាសច្រើនជាងគេ ហើយឈរនៅចំណាត់ថ្នាក់លេខ១។

នៅក្នុងការប្រកួតនេះ ម្ចាស់មេដាយមាសពិភពលោក កាលពីពេលថ្មីៗនេះ គឺកីឡាការិនី ពៅ សុខា, សឿ ច័ន្ទលក្ខិណា, ប៉ាល់ ឆរស្មី, កីឡាករ សាន សុជាតិ, លី បូរ៉ាមី, ប្រាក់ សុវណ្ណី រួមទាំងម្ចាស់មេដាយប្រាក់ ទិន ភាពឬសែន រ៉ាឌី បានយកឈ្នះមេដាយមាសចំនួន៤ ក្នុងវិញ្ញាសាសម្តែងមេគុនបុរស១នាក់-នារី១នាក់ សម្តែងមេគុននារី១នាក់-បុរស៣នាក់ប្រើអាវុធប្រយុទ្ធទម្ងន់៦០គីឡូក្រាមរបស់ សែន រ៉ាឌី និងសម្តែងមេគុនដាវឯកត្តជនរបស់កីឡាការិនីពៅ សុខា ប៉ុន្តែក្រុមជម្រើសជាតិទាំងនេះ នៅតែឈ្នះបានមេដាយមាសបានតិចជាក្រុមអត្តពលិករបសក្រសួង មហាផ្ទៃ។

កីឡាករ¬-កីឡាការិនីរបស់ក្លឹបក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស៥ ប្រាក់៣ និងសំរឹទ្ធ២ គឺលើសក្លឹបក្រុមហ៊ុន រ័ត្នសុខន ដែលឈ្នះមេដាយមាស៤ ប្រាក់១ និងសំរឹទ្ធ១ រីឯក្លិបវិទ្យាល័យវត្តកោះ ឈរនៅលេខ៣ ដោយឈ្នះមេដាយមាស២ ប្រាក់៤ និងសំរឹទ្ធ៥។ ចំណែកអត្តពលិករបស់ក្លឹបសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានឈ្នះមេដាយមាស២ ប្រាក់១ ដោយឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមក្លឹបចូលរួមចំនួន៨ លើក្លិបវិទ្យាល័យជាស៊ីមសាមគ្គី ដែលឈ្នះមេដាយមាស១ ប្រាក់៣ សំរឹទ្ធ៧ ក្លឹបវិទ្យាល័យទួលទំពួង បានមេដាយប្រាក់២ សំរឹទ្ធ១ និងក្លឹបអង្គការសង្រ្គោះកុមារកម្ពុជា ដែលបានមេដាយសំរឹទ្ធ៤ ប៉ុន្តែក្លឹបវ៉ូវីណាមមានជ័យមិនដណ្តើមបានមេដាយទេ។

ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាជើងឯកថ្នាក់ជាតិនេះជាសមិទ្ធផលកីឡាថ្មីមួយទៀត ដែលក្រសួងអប់រំ និងសហព័ន្ធ ព្រំមទាំងបណ្តាក្លឹបនានា រួមទាំងកីឡាករ កីឡាការិនីបានខិតខំអស់ពីសមត្ថភាព ដើម្បីបង្កើនបច្ចេកទេសសម្រាប់ការប្រកួតនានា នាពេលខាងមុខជាបន្តទៀត ហើយក៏ជាការវាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានខិតខំហ្វឹកហាត់អស់រយៈពេលពេញ១ឆ្នាំកន្លងទៅ។ ឯកឧត្តមបន្ថែមថា វ៉ូវីណាម គឺជាប្រភេទកីឡាសក្តានុពលខ្លាំងក្លាមួយរបស់កម្ពុជា ដែលធ្លាប់ដណ្តើមបានមេដាយមាសពីការប្រកួតពិភពលោក នាពេលកន្លងមកផងដែរ។

គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧នេះ មានអត្តពលិកចូលរួមសរុប១១៥នាក់ ក្នុងនោះស្រី២៣នាក់ ក្រោមការរៀបចំ និងការចំណាយថវិកាទាំងស្រុងពីក្រសួងអប់រំ យុវជន និងកីឡា សហការបច្ចេកទេសជាមួយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា៕