ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានខិតខំហ្វឹកហាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ នៅក្លឹបបាល់ទះវិសាខា ដើម្បីបង្កើនសមត្ថភាព ត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលនឹងចូលមកដល់ នាខែសីហា ខាងមុខ។
គ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិកម្ពុជា លោក សាន សុខរិទ្ធ បានឲ្យដឹងថា ការប្រមូលផ្តុំហ្វឹកហាត់នេះ ធ្វើឡើង តាំងពីពាក់កណ្តាលខែកុម្ភៈមកម្លេះ ដោយធ្វើហ្វឹកហាត់តាមកម្មវិធី ដែលបានកំណត់ច្បាស់លាស់ ដើម្បីពង្រឹងគុណភាពបច្ចេកទេសកីឡាករទាំងអស់ ឲ្យកាន់តែប្រសើរឡើងបន្ថែម សម្រាប់ការត្រៀមខ្លួនទៅចូលរួមស៊ីហ្គេម។
លោកបន្ថែមទៀតថា ការហ្វឹកហាត់នៅឆ្នាំ២០១៧ នេះ មានការជ្រើសរើសកីឡាករ ខុសប្លែកពីឆ្នាំ២០១៥ ពីស៊ីហ្គេម នៅសឹង្ហបុរី ដោយកីឡាករជ្រើសរើសចេញពី ៥ក្លឹប ដោយមានចំនួនកីឡាករ ១៦នាក់ បន្ទប់បញ្ចប់ការហ្វឹកហាត់ សហព័ន្ធនឹងសម្រេចរើសយកតែកីឡាករ១២នាក់ប៉ុណ្ណោះ។
ដូច្នេះលោកជឿជាក់ថា កីឡាករជម្រើសជាតិទាំង១៦នាក់ នឹងប្រឹងប្រែងហ្វឹកហាត់ ដើម្បី រក្សាខ្លួន ក្នុងចំណោម១២នាក់ ដែលត្រូវចេញទៅ ស៊ីហ្គេម នៅម៉ាឡេស៊ី លើកនេះ។ ហើយនៅពេលនេះ លោកពិនិត្យឃើញថា កម្រិតសមត្ថភាពរបស់កីឡាករទាំងអស់មានភាពខុសប្លែកពីឆ្នាំ២០១៥ កន្លងទៅឆ្ងាយណាស់ ដោយកីឡាករទាំងអស់ សុទ្ធតែមានឆន្ទៈខ្ពស់ក្នុងការហ្វឹកហាត់ផង ទាំងការគោរពវិន័យផងដែរ ហើយធ្វើឲ្យលោកជាគ្រូបង្វឹកមានភាពកក់ក្តៅ និងសប្បាយរីករាយជាខ្លាំង ដោយនៅពេលណាយើងដណ្តើមបានកិត្តិយសពីស៊ីហ្គេមនៅឆ្នាំនេះ មកជូនប្រទេសជាតិបាន គឺជាមោទនភាពរបស់យើងទាំងអស់គ្នា។
លោកបញ្ជាក់ថា មុនការប្រកួតស៊ីហ្គេម មកដល់ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំឲ្យក្រុមកម្ពុជាប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយក្រុមជម្រើសជាតិថៃ និងវៀតណាមជាច្រើនប្រកួតសិន ដើម្បីពង្រឹងសមត្ថភាពកីឡាករឲ្យកាន់តែប្រសើរឡើងៗ។
គូរបញ្ជាក់ផងដែរថា ពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កាលពីពេលថ្មីៗនេះ បានការប្រកាសឲ្យជាផ្លូវការថា ប្រទេសកម្ពុជាបានត្រៀម កីឡាចំនួន២៤ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុមគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ព្រឹត្តិទៅនៅថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៧ ខាងមុខនេះ៕