រកឃើញក្រុមខ្លាំងៗ ចំនួន ៨ក្រុមចុងក្រោយឈានដល់វគ្គ ១/៤ ព្រឹត្តិការណ៍កីឡាបាល់ទាត់ ដណ្តើមពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រដូវកាលទី១ ឆ្នាំ២០១៧ ដោយបានចាប់ឆ្នោតចែកពូល កាលពីព្រឹកមិញ នៅទីស្នាក់ការកីឡដ្ឋានកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី០៦ ខែកញ្ញា ម្សិលមិញ បន្ទាប់ពីបានបញ្ជប់ការប្រកួតវគ្គជម្រុះសន្សំពិន្ទុក្នុងពូលកាលពីពេលថ្មីៗនេះ។
ឯកឧត្តម ធុល នាង ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ឆ្លងកាត់ប្រកួតជម្រុះជាងមួយខែកន្លងទៅគណៈកម្មការបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលទទួលបាន បើទោះបីមានចំណុចខ្វះខាតខ្លះៗក៏ដោយ ប៉ុន្ដែគណៈកម្មការបានប្ដេជ្ញាចិត្តនឹងកែតម្រូវចំណុចខ្វះខាតទាំងនោះឲ្យបានល្អប្រសើរក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ។ ឯកឧត្តមបន្ថែមថា ការលេងបាល់ទាត់ គឺចៀសមិនផុតពីការប៉ះទង្គិចគ្នានោះទេ ដូច្នេះកីឡាករទាំងអស់ត្រូវចេះអត់ឆ្មត់ និងបង្កើនស្មារតីសាមគ្គីភាព ជាអ្នកកីឡា។ ឯកឧត្តមរំពឹងថា កីឡាករ ឬក្រុមនីមួយៗនឹងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ ពិសេសការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ដែលជាវគ្គដ៏សំខាន់នោះត្រូវប្រកាន់ភ្ជាប់ឲ្យបាននូវគោលការណ៍ Fair-Play ដើម្បីជំរុញព្រឹត្តិការណ៍មិនអាជីពមួយនេះឲ្យទទួលបាជោគ ជ័យ និងឈានទៅរកពានកម្រិតពាក់កណ្ដាលអាជីព ស្របតាមក្បួនច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ។
ចំពោះក្រុម ដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្ដាច់ព្រ័ត្រ ដែលត្រូវបានចាប់ឆ្នោតចែកពូលជាថ្មី កាលពីព្រឹកមិញនោះ រួមមាន៖ ក្រុមអាណាចក្របៃតង, Home Sport, ពិស្ណុការ, The Salt FC, Old Town Garden, TN Kandal FC, សម្ព័ន្ធយុវជនមូស្លីមកម្ពុជា និងក្រុមសមាគមរោងចក្រកាត់ដេនៅកម្ពុជា GMAC ដោយក្រុមទាំង៨នេះត្រូវបានចែកចេញជាពីរពូល។
គួរបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ និងចាប់គូប្រកួតវគ្គ ៨ក្រុមចុងក្រោយហើយនោះ គឺការប្រកួត នឹងធ្វើឡើងនៅដើមសប្ដាហ៍ក្រោយ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកញ្ញាខាងមុខ នៅលើទីលានស្ដាតចាស់តែមួយគត់៕