សហព័ន្ធកីឡាសូរីនហ្ស៊ីកាំប៉ូត្រៀមបញ្ជូនកីឡាករ កីឡាការិនីចំនួន ៣រូបទៅចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក នៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៧ខាងមុខ។

ប្រធានសហព័ន្ធកីឡាសូរីនហ្ស៊ីកាំប៉ូ លោក ឡាច ចាន់សុវណ្ណ មានប្រសាសន៍ថា ផ្អែកទៅលើ បទពិសោធន៍ឈ្នះមេដាយកន្លងមក ជាមួយនឹងបង្កើនការហ្វឹកហាត់ត្រៀមយ៉ាងខ្លាំងក្លានោះ លោករំពឹងថា អត្តពលិកយើងនឹងឈ្នះមេដាយពីការប្រកួតនៅសហរដ្ឋអាមេរិកនេះ។

មួយវិញទៀតលោកគ្រូជនជាតិជប៉ុនដែលតែងតែមកជួយបង្ហាត់ដល់កីឡាករ-កីឡាការិនីកម្ពុជា បានប្រាប់ប្រធានសហ័ន្ធថា កីឡាករ កីឡាការិនីកម្ពុជា ពួកគេមានសមត្ថភាពខ្ពស់ និងមានលក្ខណៈពិសេសគឺអំណោយផលពីធម្មជាតិរបស់កីឡាការិនីកម្ពុជា ពោលគឺធ្វើបានល្អខ្លាំងដល់​​កម្រិតមួយ ដែលអ្នកផ្សេងពិបាកនឹងធ្វើដូចបាន។ ប្រធានសហព័ន្ធរូបនេះបន្តថា បើតាមការមើលពីប្រវត្តិប្រកួតរបស់កីឡាការិនី ដែលនឹងត្រូវប៉ះកម្ពុជានោះ គឺពួកគេជាអត្តពលិកជំនាន់ក្រោយ ដូច្នេះកីឡាការិនីកម្ពុជា២រូបនេះសង្ឃឹមខ្ពស់ថានឹងឈ្នះមេដាយបាន។

គួរបញ្ជាក់ថា កីឡាករ កីឡាការិនី៣រូប ដែលនឹងទៅប្រកួតនៅសហរដ្ឋអាមេរិកនោះរួមមាន៖ កីឡាករ ឌុន សម្ផស្ស, កីឡាការិនី សុវណ្ណ រចនា និង កីឡាការិនី សុវណ្ណ រតនៈ ដោយពួកគេនឹងត្រូវចេញពីទៅប្រកួត នាថ្ងៃទី ២៧ ខែកក្កដា ២០១៧ ហើយការប្រកួតផ្លូវការនឹងត្រូវចាប់ផ្ដើមប្រកួត ចាប់ពីថ្ងៃទី២៩ កក្កដា តទៅ៕