មុនពេលចេញដំណើរទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ប្រទេសម៉ាឡេស៊ី អត្ត​ពលិកការ៉ាត់តេដូកម្ពុជា ចំនួន ៧រូប រួមមានកីឡាករ ៤រូប និងកីឡាការិនី ៣រូប បានជួប​សំណេះសំណាល ជាមួយ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានខេមរ​សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ទទួលការណែនាំ និងអនុសាស៍ល្អៗ ក៏ដូចការលើកទឹកចិត្ត កាលពីថ្ងៃទី១៨ ខែសីហា ម្សិលមិញ នៅទីស្តីការក្រសួង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយនឹងការចេញទៅប្រកួតរបស់ប្រតិភូការ៉ាត់តេដូកម្ពុជានេះដែរ លោក បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ខេមរសហព័ន្ធកីឡាការ៉ាតេដូកម្ពុជានៅទីស្តីការក្រសួង មានប្រសាសន៍ថា  លោកមាន​គម្រោង​រួចរាល់ហើយ ដើម្បីអភិវឌ្ឍវិស័យការ៉េតេដូនៅកម្ពុជា ឆ្ពោះទៅរកការប្រកួតប្រជែង​នៅលើឆាកអន្តរជាតិ ពិសេត្រៀមនៅឆ្នាំ២០២៣ ស៊ីហ្គេមលើកទី៣២  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនោះ ។

លោកបន្ថែមថាក្នុងនាមលោកជាប្រធានសហព័ន្ធលោកបានស្នើដល់ប្រទេសជប៉ុនដែលជាម្ចាស់ដើមកីឡាការ៉ាតេដូនេះ ឲ្យជួយពង្រឹងផ្នែកបច្ចេកទេស សមត្ថភាពអត្តពលិក ឲ្យមាន​ការរីកចម្រើន ដើម្បីឲ្យ​វិស័យកី​ឡាការ៉ាត់តេដូកម្ពុជា ឆ្ពោះទៅសទ្ធិផលមួយ អាចប្រកួត​ប្រជែងទាំងថ្នាក់តំបន់ និងពិភពលោក ខណៈដែលជប៉ុនបានមកជួយ​ខ្លះៗ ហើយនា​ពេលបច្ចុប្បន្ននេះ។

លោកទេសរដ្ឋមន្រ្តីឲក៏បានជំរុញឲ្យអត្តពលិកទាំងអស់ត្រូវមាន សាមគ្គីភាព​គ្នា​​​ជា​ធ្លុង​មួយ​ នៅក្នុ​ងសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា ជាពិសេសកីឡាករ-កីឡាការិនីត្រូវខិតខំប្រឹង​ប្រែងហ្វឹក ហាត់ដើម្បីឧត្តមភាពជាតិ ហើយសម្រាប់ការប្រកួតស៊ីហ្គេមលើកនេះកុំគិត​ថា​​គេ​ខ្លាំងជាង យើង ឲ្យសោះ សំខាន់គឺទម្ងន់ស្មើគ្នាត្រូវតែប្រកួតឲ្យអស់ពីសមត្ថភាព  និងកុំមើលស្រាលដៃគូ ប្រកួតឲ្យសោះ បើទោះដឹងថាគេមានកម្រិតសមត្ថភាពអន់ជាងខ្លួននោះ ប្រយ័ត្នភ្លាត់ស្នៀតបែរ ជាទទួលបានលទ្ធលផមិនល្អទៅវិញ។

សូមបញ្ជាក់ថា ប្រតិភូកីឡាការ៉ាតេដូកម្ពុជាដែលត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គែមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនេះ មានកីឡាករ កីឡាការិនី ៧រូប ប្រតិដឹកនាំ ចៅក្រម និងគ្រូបង្វឹកសរុបចំនួន ១៤រូប ទទួលបានការឧបត្ថម្ភពីលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នូវប្រាក់ហោប៉ៅក្នុងម្នាក់ៗចំនួន ៣០០ដុល្លារផងដែរ៕