សិស្សសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានជាប់ចំណាត់ថ្នាក់លេខ១ ៤ឆ្នាំ ជាប់ៗ គ្នា បន្ទាប់ពីដណ្តើមបានមេដាយច្រើនជាងគេ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាដែលចូលរួមសរុបចំនួន១៩ នៃព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំ២០១៧ ដោយបានបំពាក់មេដាយបិទការប្រកួត នៅវិមានកីឡដ្ឋានជាតិ។
លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន, លោកសូមកោតសសើរដោយស្មោះចំពោះសាកលវិទ្យាល័យ និងមធ្យមសិក្សាបច្ចេកទេស នានា ដែលបានបញ្ជូនអត្តពលិករបស់ខ្លួនរួមប្រកួត ហើយថែមទាំងបានគោរពនូវិន័យ ក្រមសីលធម៌ បទបញ្ជាការប្រកួត រហូតទទួលបានជោគជ័យនាពេលនេះ។
យោងតាមមន្ត្រីបច្ចេកទេសនៃក្រសួងអប់រំ បានឲ្យដឹងពីលទ្ធផលបច្ចេកទេសថា ក្រុមអត្តពលិកសកលវិទ្យាល័យ អាស៊ីអឺរ៉ុប ឈ្នះមេដាយសរុប២៣គ្រឿង ក្នុងនោះមេដាយមាស ១៦គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង លើ៣ប្រភេទកីឡា គឺកីឡាបាល់បោះ កីឡាអត្តពលកម្ម និងប៉េតង់ ហើយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ១៩សកលវិទ្យាល័យ និងសាលាមធ្យមសិក្សា ដែលចូលរួម។ ចំណែកឯចំណាត់ថ្នាក់លេខ២ បានទៅលើ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល មេដាយមាស២ ប្រាក់៨ និងសំរិទ្ធ ៦។ លេខ៣ វិទ្យាស្ថាន CamEd មេដាយមាស ២ ប្រាក់៣ និងសំរិទ្ធ៩ ខណៈមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង មេដាយមាស២ ប្រាក់២ និងសំរិទ្ធ១។ ចំពោះសាកលវិទ្យាល័យចំនួន៣ទៀត ឈ្នះមេដាយមាសតែ១វិញ្ញាសាដូចគ្នា ស្របពេល សាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន១២ផ្សេងទៀត មិនឈ្នះមេដាយមាសឡើយ។
សូមបញ្ជាក់ថា កីឡាឧត្តមសិក្សា ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡានេះ មាន៦ប្រភេទកីឡា គឺអត្តពលកម្ម បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងកីឡាវាយកូនឃ្លី លើតុ ដែលមានកីឡាករ កីឡាការិនីចូលរួមសរុប ចំនួន៥៤១នាក់ ក្នុងនោះនារីចំនួន៨៨នាក់៕