ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា បានប្រកាសថានឹងរៀបចំការប្រកួតបាល់ទាត់កម្រិតយុវជនមួយដែលបែងចែកជា៥កម្រិតផ្សេងគ្នា ដោយបើកទទួលក្រុមចុះឈ្មោះចូលរួមជាង៥០ក្រុមឡើងទៅ។
សេចក្តីជូនដំណឹងរបស់ក្លិបនៅល្ងាចថ្ងៃច័ន្ទ សប្ដាហ៍នេះបានបញ្ជាក់ថាក្លិបភ្នំពេញក្រោន រៀបចំពានរង្វាន់នេះដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សកម្មភាពយុវជន និងស្ត្រីក្នុងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ហើយពានរង្វាន់នោះមានឈ្មោះថា«AEON Youth League 2017» ដោយប្រើប្រាស់រយៈពេលប្រកួតប្រមាណជា៦ខែ ខណៈក្រុមចូលរួមប្រកួតប្រជែងប្រមាណជាជិត ៥០ ក្រុមជាមួយនឹងកីឡាករ-កីឡាការិនីសរុបជាង ៩០០នាក់។
តាមគ្រោងការប្រកួតនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN (ម្ដុំកាំកូស៊ីធី) ដោយបែងចែកតាមកម្រិតអាយុដូចជា ពានរង្វាន់សម្រាប់យុវជនអាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ១៥ឆ្នាំ, អាយុក្រោម ១៣ឆ្នាំ, អាយុក្រោម ១១ឆ្នាំ និងក្រុមបាល់ទាត់នារី។ សម្រាប់ក្រុមអាយុក្រោម ១៧ឆ្នាំ និង ១៥ឆ្នាំ នឹងត្រូវចែកចេញជា ២ក្របខណ្ឌគឺ កម្រិត Premier ដែលមាន ៨ក្រុម និងកម្រិត Challenge ដែលមាន ៦ក្រុម ដោយគ្រប់ក្រុមមានសមាជិក ១១នាក់ និងប្រកួតនៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSNដោយមានការត្រួតពិនិត្យពីអាជ្ញាកណ្តាលមកពីវិទ្យាស្ថានអប់រំកាយ និងកីឡា (NIPES)។ចំណែកឯក្រុមអាយុក្រោម១៣ឆ្នាំ, ក្រោម ១១ឆ្នាំ និងក្របខណ្ឌនារីវិញ គឺមានសមាជិក ៩នាក់ និង ៦នាក់ក្នុងក្រុមនីមួយៗហើយត្រូវប្រកួតគ្នានៅលើតារាងហ្វូតសាលរបស់ក្លឹបភ្នំពេញក្រោន។
ចំពោះក្រុមនានាដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ AEON Youth League 2017 នេះសូមទាក់ទងទៅកាន់អ៊ីម៉ែលSievlenga@gmail.com ឬតាមរយៈទូរសព្ទលេខ៖ 098 468 180 ដើម្បីទទួលបានពាក្យស្នើសុំចូលរួម។ គណៈកម្មការនឹងឈប់ទទួលពាក្យត្រឹមថ្ងៃច័ន្ទ ទី១៩ ខែមិថុនា ខាងមុខនេះ។