ក្លិបបាល់ទាត់បឹងកេតអែហ្វស៊ី នឹងត្រូវប្រកួតជាមួយ ក្លិប Global FC របស់ហ្វីលីពីន ក្នុងជំនួបជើងទី១ ពានរង្វាន់កម្រិតទី២របស់សិង្ហបុរី RHB Singapore Cup 2017 ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីផ្ទាល់តែម្ដង។
តាមគម្រោង បឹងកេត នឹងត្រូវតតាំងជាមួយគូប្រជែងចាស់ Global FC នៅវេលាម៉ោង ៦:៣០ នាទីល្ងាចម៉ោងនៅកម្ពុជា ធ្វើឡើងនាកីឡាដ្ឋាន Jalan Besar Stadium របស់សិង្ហបុរី។
នាមជាក្រុមឈ្នះនៅក្នុងវគ្គជម្រុះជុំទី១ដូចគ្នា ក្រុមទាំង២ ធ្វើបានល្អរៀងៗខ្លួន ដោយបឹងកេត បានយកឈ្នះ ក្រុម Warriors របស់ម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផល ៤ទល់១ ស្របពេលដែល Global FC បានយកឈ្នះក្រុមម្ចាស់ផ្ទះសិង្ហបុរី ដូចគ្នាគឺក្រុម Geylang International ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។
ក្រុមទាំង២ធ្លាប់មានប្រវត្តិជួបគ្នាចំនួន២ដងផងដែរ មុនជួបគ្នាម្ដងទៀតនៅថ្ងៃនេះ ពោលគឺក្រុមទាំង២ធ្លាប់ជួបប្រកួតគ្នានៅក្នុងពានរង្វាន់ AFC Cup 2017 ដោយរួមពូលជាមួយគ្នា ក្នុងពូល F ជាលទ្ធផល បឹងកេត បានប្រកួតចាញ់ Global FC ទាំង២ប្រកួត ( ក្នុងដី និងក្រៅដី ) ដោយជើងទី១ បឹងកេត ចាញ់ Global ០ទល់នឹង២ និងជើងទី២បន្តចាញ់ ដោយលទ្ធផល ៣ទល់នឹង១។
ក្រោយប្រកួតនេះប្ញ្ចប់ក្រុមទាំង២នឹងត្រូវជួបគ្នាម្ដងទៀតសម្រាប់ជើងទី២ នៅថ្ងៃទី១១ ខែសីហា នាកីឡដ្ឋានដដែល៕
រូបភាព: Metfone Cambodia League