សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រកាសឲ្យដឹងថា សហព័ន្ធនឹងរៀបចំការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក SCG ប្រចាំឆ្នាំ២០១៧ ដែលគ្រោងនឹងដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ នៅអាងហែលទឹកនៃពហុកកីឡដ្ឋានជាតិ ដោយមានអត្តពលិកហែលទឹកចំនួន១០០នាក់គ្រោងនឹងចូលរួម មកពី៩ក្លឹបទូទាំងប្រទេស។

លោក ហែម គី​រី អគ្គលេខាធិការ ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹកបានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាហែលទឹក ​ជ្រើសរើស​ជើងឯក ស៊ីម៉ង់តិ៍​កំពត ​ដូរ​ឈ្មោះ​មកជា​ជើងឯក SCG លើក​ទី​៧ ដើម្បីចូលរួម​អបអរសាទរព្រះរាជពិធី​បុណ្យអុំទូក ​បណ្តែតប្រទីប ​អកអំបុក និង​សំពះ​ព្រះ​ខែ ​ដែល​គ្រោងរៀបចំឡើងនាដើមខែក្រោយនេះ​។ ក្រៅពីនេះសហព័ន្ធមានគោលដៅ​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនីរបស់ខ្លួន​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​យុវជន​អាស៊ាន CH Swimming Championship នៅ​ប្រទេស​ប៊្រុយណេ​ ​រយៈពេល​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​ ១០​ដល់​១២ វិច្ឆិកា ឆ្នាំ​២០១៧។

​អគ្គលេខាធិការរូបបន្ថែមថា សម្រាប់​ការប្រកួត​ជើងឯក​យុវជន​អាស៊ាន នាខែវិច្ឆិកា ឆ្នាំ​២០១៧, សហព័ន្ធ​ខ្មែរ​ ​នឹង​បញ្ជូន​កីឡាករ​អាយុ​ក្រោម​១៣​ឆ្នាំ​ម្នាក់ និង​កីឡាការិនី​អាយុ​ក្រោម​១៥​ឆ្នាំ​ម្នាក់ទៅ​ចូលរួម​។ លោក​បន្តថា សហព័ន្ធ​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​ជាច្រើនរូប ប៉ុន្តែ​ដោយសារថវិកា​ខ្វះខាតទើប​សហព័ន្ធ​សម្រេច​បញ្ជូន​តែ​ពីរនាក់នេះទៅ​ចូលរួម​។

លោកអះអាងថា លោកមាន​ក្តី​រំពឹង​៦០%​ សម្រាប់​ការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ការប្រកួត​នេះ​ ដោយសារ​កីឡាករ​កីឡាការិនី​ ដែល​ត្រៀម​ចូលរួម​សុទ្ធតែជា​កីឡាករ​មាន​សមត្ថភាព និង​មាន​កំណត់ត្រា​ខ្ពស់​ជាងគេ ក្នុងស្រុក។ ​សម្រាប់​ការចូលរួម​លើក​នេះ​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​នឹងចូលរួម​កិច្ចប្រជុំ​របស់​សហព័ន្ធ​កីឡាហែលទឹក​អាស៊ាន​ជា​បណ្តា​ថ្នាក់ដឹកនាំ​សហព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការប្រកួត​ជើងឯក​យុវជន​អាស៊ាន​។ ពេល​នោះ​លោក​នឹង​ស្នើ​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាហែលទឹក​អាស៊ាន​សុំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​យុវជន​អាស៊ាន​នៅ​ឆ្នាំ​២០១៨ ឬ​ឆ្នាំ​២០១៩ ខាងមុខ​ផងដែរ​៕