ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលដឹកនាំដោយលោក Leonardo Luis សញ្ជាតិប្រេស៊ីល បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដោយលទ្ធផល ១ទល់៣ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់មិញ មុនពេលកម្ពុជា ត្រូវប៉ះក្រុមវៀតណាម ក្នុងជំនួបផ្លូវការវគ្គជម្រុះ ជើងទី២ នៃព្រឹត្តិការណ៍ AFC Asian Cup ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១០ នៅប្រទេសវៀតណាម ។
សម្រាប់លទ្ធផលខាងលើនេះ ជាការប្រកួតលើកទី២ របស់កម្ពុជា ជាមួយឥណ្ឌូណេស៊ី ដោយចាញ់ទាំងពីរលើក ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំអន្តរជាតិ ក្នុងឆ្នាំ២០១៧នេះ ពោគឺលើកទី១ នៅក្នុងលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នៅដើមខែមិថុនាកន្លងទៅ ម្ចាស់ផ្ទះកម្ពុជាក៏បានប្រកួតចាញ់ ឥណ្ឌូនេស៊ី ដោយលទ្ធផល ០ទល់២។
ក្រោយពីទទួលលទ្ធោលបរាជ័យនកាលពីយប់មិញនេះដែរ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវបន្តការហ្វឹកហាត់ នៅប្រទេសឥណ្ឌូនេស៊ី រយៈពេល១ថ្ងៃទៀត ហើយពួកគេនឹងបន្ដដំណើរទៅប្រទេសវៀតណាមតែម្ដង ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១០ ខែតុលាសប្ដាហ៍ក្រោយ។
សូមបញ្ជាក់ថា នៅវគ្គទី១ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ អរន្តជាតិនេះ ម្ចាស់ផ្ទះឥណ្ឌូណេស៊ីបានទម្លាយសំណាញ់ទីរបស់កម្ពុជា២គ្រាប់ ខណៈដើមវគ្គទី២ ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ធ្វើសម្រេចបាន១គ្រាប់វិញ ហើយនៅវគ្គទី២នេះដែរ ក្រុមឥណ្ឌូណេស៊ី ធ្វើសម្រេចបានគ្រាប់ទី៣ ដោយធ្វើឲ្យឥណ្ឌូណេស៊ីឈ្នះក្រុមភ្ញៀវ ៣ទល់១ តែម្តង៕