កាលពីម្សិលមិញ កីឡាករប្រដាល់ ឃុន ឌីម៉ា និង សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា រួមទាំង ប្រាក់ មុន្នីឧត្តម បានហាត់សមរត់លើកចុងក្រោយ ដើម្បីត្រៀមសម្រាប់ក្នុងពិធីបើកកីឡាជាតិ លើកទី២ នា២ថ្ងៃខាងមុខទៀត។
ការហាត់សមនឹងធ្វើឡើងពី មុខព្រះបរមរាជវាំង រហូតដល់ ពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមថ្ងៃទី ២៥ ខែ ឧសភា ពីការទទួលបានព្រះប្រទានភ្លើងគប់ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងក្នុងវិស័យកីឡានៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ឃឹម ឌីម៉ា គឺជាតំណាងអត្តពលិកពិសេសជាងគេ ដោយត្រូវចូលក្រាបបង្គំទទួលការព្រះរាជទានភ្លើងគប់ពីព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហមុនី ក្នុងនាមអ្នកកីឡាករគុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិ ហើយកីឡាករ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម គឺជាអ្នករត់អម ជាមួយក្រុមកីឡាល្បុក្តតោជាច្រើនរូបទៀត ដើម្បីដង្ហែរភ្លើងគប់នោះ យកមកពហុកីឡដ្ឋានជាតិ និងប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីប្រារព្ធពិធីដុតភ្លើងគប់បើកការប្រកួតកីឡាជាតិ លើកទី២ ជាផ្លូវការ នាថ្ងៃទី២៥ ខែ ឧសខា ខាងមុខ ។
នេះជាលើកទី២ហើយសម្រាប់កីឡាករទាំង២ ដែលត្រូវបានអោយកាន់ភ្លើងគប់រត់ដើម្បីជាតំណាងក្នុងការយកទៅដុតបើកព្រឹត្តិការណ៍ដែលធ្វើឡើងជារៀងរាល់២ឆ្នាំម្ដងមួយនេះ។ ព្រឹត្តិកាណ៍កីឡាជាតិលើកទី២នេះ នឹងបើកជាផ្លូវការថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ចាប់ពីម៉ោង៤ល្ងាចតទៅនៅ ពហុកីឡដ្ឋានជាតិ។ ព្រឹត្តិកាណ៍នេះ នឹងមាន២៧ប្រភេទកីឡាចូលរួមប្រកួតប្រជែងសមត្ថភាពគ្នា ដើម្បីរកអត្តពលិកឆ្នើមក្លាយជាម្ចាស់មេដាយប្រចាំកម្មវិធី៕