កីឡាករខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ចូលរួមហ្វឹកហាត់ជាមួក្រុមជម្រើសជាតិកម្ពុជាថ្ងៃដំបូង របស់ខ្លួន បន្ទាប់មកពីប្រទេសជប៉ុនម្សិលមិញ ក្រោមការដឹកនាំរបស់លោក Leonardo Vitorino ខណៈដែលកីឡាករ ២៤នាក់ផ្សេងធ្វើហ្វឹកហាត់តាំងពីថ្ងៃទី១ មិថុនាមក ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ ឥណ្ឌូណេ ស៊ី នាថ្ងៃទី៨ មិថុនា ខាងមុខនេះ នៅកីឡដ្ឋានជាតិ។
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានឲ្យដឹងថា ការវិលត្រឡប់នេះ គឺដើម្បីហ្វឹកហាត់រួមគ្នា និងត្រៀមជួយក្រុម ជម្រើសជាតិកម្ពុជា ដែលត្រូវជួបប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយឥណ្ឌូនេស៊ី ត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC នាថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៧ ជាមួយក្រុមជម្រើសជាតិ អាហ្គានីស្ថាន។
កីឡាករក្លឹប Fujieda MYFC រូបនេះបញ្ជាក់ទៀតថា អស់ជាច្រើនខែមកហើយ ដែលខ្លួនបានទៅរស់នៅ លើទឹកដីជប៉ុន ហើយបានសម្របខ្លួនជាច្រើននៅទីនោះ ដូចជាទម្រង់លេងជាក្រុម ការបង្កើនកម្លាំង អាហារ និង អាកាសធាតុជាដើម។ ប៉ុន្តែបញ្ហាប្រឈមខ្លាំងគឺមិនទាន់ធ្វើបានល្អលើផ្នែកភាសា គឺជាឧបស័គ្គសម្រាប់ខ្លួន។ ពេលហ្វឹកហាត់មិនសូវចោទរឿងភាសាប៉ុន្មានទេ ព្រោះមានអ្នកបកប្រែ ប៉ុន្តែនៅពេលប្រកួតពិតជាពិបាក ព្រោះ យើងត្រូវពិភាក្សា ដើម្បីយល់ចិត្តគ្នាភ្លាមៗ។
កីឡាករមានស្រុកកំណើតមកពីខេត្តកំពតរូបនេះ នៅតែមានជំនឿចិត្តថា រូបគេនឹងអាចចូលរួមជាមួយ ក្លឹប Fujieda MYFC ក្នុងពេលដ៏ខ្លីខាងមុខ ព្រោះឥឡូវកំពុងរៀនភាសាជប៉ុនបានខ្លះៗហើយ។ ក្រៅពីភាសា វឌ្ឍនាកា គ្មានអ្វីបារម្ភទេ ខណៈសមត្ថភាពកំពុងរីកចម្រើនជាលំដាប់ រហូតទទួលបានការកោតសរសើរពីគ្រូ បង្វឹកទៀតផង។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំពីគ្រូជម្រើសជាតិកម្ពុជា សញ្ជាតិប្រេស៊ីល លោក Leonardo Vitorino បានកោះហៅ ចាន់ វឌ្ឍនាកាមកប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បី ត្រៀមជួយក្រុម ដែលមានកីឡាករសរុបចំនួន២៥នាក់៕